កញ្ញា ដៀប ចាន់សុភា
កញ្ញា ដៀប ចាន់សុភា
សមាជិកស្ថាបនិក និងសមាជិកគណៈកម្មាធិការប្រតិបត្តិសាលាត្រាជូ, អ្នកប្រឹក្សាច្បាប់នៅមន្ទីរសារការីសេដ្ឋាវិទូ
ឯកទេសនីតិធុរកិច្ចប្រៀបធៀប
--------------- ៚---------------

កញ្ញា ដៀប ចាន់សុភា ជាសមាជិកស្ថាបនិក និងសមាជិកគណៈកម្មការប្រតិបត្តិសមាគមត្រាជូ។ បច្ចុប្បន្នសុភាជាអ្នកប្រឹក្សាច្បាប់នៅមន្ទីរសារការីសេដ្ឋាវិទូ និងបង្រៀនថ្នាក់បរិញ្ញាបត្រមុខវិជ្ជានីតិក្រុមហ៊ុននៅថ្នាក់ពិសេសនីតិសាស្រ្តផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ចាប់ពីឆ្នាំ ២០១៣ មក)។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិធុរកិច្ចប្រៀបធៀបនៅសាកលវិទ្យាល័យ Lumière Lyon 2 នៅសាធារណរដ្ឋបារាំង និងសាកលវិទ្យាល័យ Montréal ប្រទេសកាណាដានៅ២០១២ (ជ័យលាភីកម្មវិធីអាហារូបករណ៍ Eiffel នៃក្រសួងការបរទេសបារាំង) ដោយផ្តោតជំនាញលើការសិក្សាទាំងលើទិដ្ឋភាពច្បាប់ និងអនុវត្តនៃនីតិធុរកិច្ចនៅក្នុងប្រព័ន្ធច្បាប់បារាំង អង់គ្លេស អាល្លឺម៉ង់ កាណាដា និងសហរដ្ឋអាមេរិច។ សុភាធ្លាប់មានបទពិសោធន៍ការងារស្រាវជ្រាវ និងចងក្រងលិខិតបទដ្ឋានគតិយុត្តិកម្ពុជារយៈពេលមួយឆ្នាំ នៅមជ្ឈម​ណ្ឌលស្រាវជ្រាវអនុវត្តច្បាប់ និងបានចុះកម្មសិក្សានៅការិយាល័យមេធាវីចំនួនពីរនៅប្រទេសបារាំង គឺនៅទីក្រុងទូលូស និងទីក្រុងប៉ារីស ដោយបានពង្រឹងជំនាញផ្នែកប្រឹក្សាច្បាប់ និងវិធីសាស្រ្តការពារក្តីរបស់មេធាវីបារាំង ជាពិសេសពាក់ព័ន្ធនឹងនីតិធុរកិច្ច នីតិការងារ និងនីតិគ្រួសារ ។ល។ សុភាជាអតីតជ័យលាភីថ្នាក់តំបន់នៃកម្មវិធីប្រកួតប្រជែងអន្តរជាតិផ្នែកចំណេះដឹងគតិយុត្តិ និងចំណេះដឹងទូទៅ សម្រាប់និស្សិតច្បាប់នៃប្រទេសនិយាយភាសាបារាំង “Le Concours d’InterCours Jurilyon” ដែលរៀបចំសមាគមបារាំងដើម្បីការអភិវឌ្ឍនីតិនៃប្រទេសនិយាយភាសាបារាំង និង ទទួលបានជ័យលាភីលេខ១ សម្រាប់វគ្គពិភាក្សាដេញដោល នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅសាកលវិទ្យាល័យ Jean Moulin Lyon3 នៅប្រទេសបារាំង នាខែឧសភា ឆ្នាំ ២០១០។ ក្រៅពីនេះ សុភាក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាទាក់ទងនឹងបច្ចេកទេស និងវិធីសាស្រ្តប្រឹក្សាច្បាប់ជាច្រើន រហូតអាចឈានទៅដល់វគ្គជម្រុះផ្តាច់ព្រ័ត្រកម្រិតសាកលវិទ្យាល័យ នៃការប្រកួតប្រជែង Client Counseling Competition ដែលរៀបចំដោយ USAID នាខែមេសា ឆ្នាំ ២០១០។