លោក ដាវ អានសាន
លោក ដាវ អានសាន
ទីប្រឹក្សាគណ:កម្មការប្រតិបត្តិសាលាត្រាជូ
--------------- ៚---------------

បច្ចុប្បន្ន លោក អានសាន គឺជាអនុប្រធានមន្ទីរសារការីសេដ្ឋាវិទូនៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា​។

បន្ថែមពីលើភារកិច្ចខាងលើ លោកក៏មានមុខងារជាជំនួយការឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភានីតិកាលទី៥, ជា​តំណាង​រាស្ត្រ​​​មណ្ឌល​កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកមាន​បទ​​ពិសោធន៍​​ការងារ​ជាង ១០ ឆ្នាំកន្លង​មក ក្នុងវិស័យច្បាប់ សេដ្ឋកិច្ច គោលនយោបាយ និង​ការបោះឆ្នោត។

ពីឆ្នាំ ២០១០ ដល់ ២០១៣ លោកជាមន្ត្រីច្បាប់ និងក្រឡាបញ្ជី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការ​កម្ពុជា ឬហៅកាត់ថា តុលាការ​កាត់សេចក្តី​មេដឹកនាំ​ខ្មែរក្រហម ទាំងក្នុងការតាក់តែង ដីកា​ដំណោះស្រាយបញ្ជូនទៅជំនុំជម្រះ និងក្នុងដំណើរ​ការ​កាត់សេចក្តីមេដឹកនាំខ្មែរក្រហម​ទាំង​បួនរូប។ លោកក៏ធ្លាប់ជាទីប្រឹក្សាពិគ្រោះយោបល់ ផ្នែកច្បាប់ សេដ្ឋកិច្ច និងគោលនយោបាយ​ដល់ ស្ថានទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០០៩។ ទន្ទឹមនឹងគ្នានេះ លោក​​ក៏​ជា​មន្ត្រី​ស្រាវជ្រាវ ជាតិផ្នែកសេដ្ឋកិច្ច-សង្គម ដែលបានធ្វើដំណើរជាច្រើននៅ​ទូទាំង​ព្រះរាជា​​ណាចក្រកម្ពុជា និងឆ្លៀតពេលវេលាចែករំលែក បទពិសោធន៍ជាគ្រូបង្រៀនឧត្តមសិក្សា កម្រិត បរិញ្ញា​បត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅតាមសកលវិទ្យាល័យជាតិ​មួយ​ចំនួន នៅរាជធានី​ភ្នំពេញ និងនៅ​តាម​បណ្តាខេត្ត។

លោក អានសាន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ (Master) ជំនាញសេដ្ឋកិច្ចគោលនយោបាយ និង​អភិវឌ្ឍន៍ពីមហាវិទ្យាល័យ Williams College សហរដ្ឋអាមេរិច (២០០៩) បន្ថែមពីលើ​បរិញ្ញា​បត្រ​ជាន់ខ្ពស់ជំនាញសេដ្ឋកិច្ចសង្គមនិងអភិវឌ្ឍន៍ពីរាជបណ្ឌិត្យសភាកម្ពុជា (២០០៣) បរិញ្ញាបត្រច្បាប់ (នីតិឯកជន) ពីមហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (២០០១) និងបរិញ្ញាបត្រ​គ្រប់គ្រងអាជីវកម្ម (ជំនាញគ្រប់គ្រង) ពីវិទ្យាស្ថានជាតិគ្រប់គ្រង (២០០០) នៅរាជធានីភ្នំពេញ។

លោកជាសមាជិកសហភាព​សហព័ន្ធយុវជនកម្ពុជា ពីឆ្នាំ ២០១១។

ភាសា៖ ខ្មែរ (កំណើត), អង់គ្លេស (ល្អ) និងភាសាបារាំង (បន្តិចបន្តួច)។

ព័ត៌មានផ្ទាល់ខ្លួន៖ លោក ដាវ អានសាន ភេទ ប្រុស កើតឆ្នាំ ១៩៧៩ ទីកន្លែងកំណើត ខេត្តកំពង់ចាម កម្ពស់ ១,៧៣ ម ទម្ងន់ ៧៤ គក សុខភាពល្អ។