លោកបណ្ឌិត ឆាយ ហុកផេង កើតនៅឆ្នាំ១៩៥២ នៅក្នុងខេត្តកណ្តាល។ លោកបណ្ឌិតបានបញ្ចប់បរិញ្ញាប័ត្រច្បាប់ពីមហាវិទ្យាល័យនីតិសាស្រ្តភ្នំពេញនៅឆ្នាំ១៩៧៤។ បន្ទាប់មក លោកបណ្ឌិតបានបញ្ចប់ថា្នក់អនុបណ្ឌិតច្បាប់អន្តរជាតិនៅឆ្នាំ១៩៧៦ នៅប្រទេសបារាំង និងទទួលបានបណ្ឌិតច្បាប់ថ្នាក់រដ្ឋពីសាកលវិទ្យាល័យ ស៊របោន (SORBONNE) ក្រុងប៉ារីស នៅឆ្នាំ១៩៨០។
លោកបណ្ឌិត ឆាយ ហុកផេង ធ្លាប់បម្រើការងារក្នុងអគ្គនាយកដ្ឋានផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសង្គម នៅប្រទេសបារាំងដោយគ្រប់គ្រងលើបុគ្គលិកចំនួន ៥២០ នាក់ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩០។ បន្ទាប់មកពីឆ្នាំ១៩៩០ ដល់ ឆ្នាំ១៩៩៣ លោកបានបម្រើការងារជាអធិការត្រួតពិនិត្យនៅក្រសួងហិរញ្ញវត្ថុបារាំង។
លោកជាអតីតនិស្សិតសាលាជាតិចៅក្រមបារាំង។ លោកបណ្ឌិតជាចៅក្រមស៊ើបអង្កេត ពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ១៩៩៨។ ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០០៥ លោកបណ្ឌិតក៍ជាប្រធានតុលាការព្រហ្មទណ្ឌផង (៥០%) និងជាចៅក្រមផ្នែករដ្ឋប្បវេណីផ្សេងៗផង ដូចជាក្នុងវិស័យ៖ សំណងជំងឺចិត្តដល់ជនរងគ្រោះ - សហគ្រាស និងក្រុមហ៊ុនក្ស័យធន - ធានារ៉ាប់រង- សាងសង់អាគារ - កិច្ចសន្យាខ្ចីប្រាក់ - សិទ្ធិជនបរទេស។ ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន ជាប្រធានតុលាការព្រហ្មទណ្ឌបារាំង (១០០%)។ ចាប់ពីឆ្នាំ១៩៩៦ ដល់បច្ចុប្បន្ន សកម្មភាពក្រៅពីការកាត់ក្តី (នៅពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងតំណាងរាស្រ្ត តំណាងស្រុក ជាអាទិ៍) គឺប្រធានគណៈកម្មការត្រួតពិនិត្យ និងជាតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ចុះសង្កេតការណ៍តាមការិយាល័យបោះឆ្នោត ឃុំ-ស្រុក។
ទាក់ទងនឹងផ្នែកគរុកោសល្យ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១ លោកបណ្ឌិត ឆាយ ហុកផេង គឺជាគ្រូបង្ហាត់បង្ហាញ វិធីសាស្រ្តប្រើប្រាស់ហិរញ្ញវត្ថុ ឃុំ-ស្រុក និងពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៦ នីតិវិធីព្រហ្មទណ្ឌ និងច្បាប់ព្រហ្មទណ្ឌ ដល់បេក្ខជនប្រឡងចូលសាលាជាតិចៅក្រមនិងសាលាក្រឡាបញ្ជីនៅប្រទេសបារាំង។