វិចារណកថា៖ ការបញ្ចូលបញ្ញត្តិ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

វិចារណកថា៖ ការបញ្ចូលបញ្ញត្តិ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ដោយ ថង វង្សសុវិទ្យា, 04-10-2016, 07:14 AM , ប្រភេទ : បទវិចារណកថា

នៅក្នុងបរិបទដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោតត្រូវបានចាត់ទុកជាកាតាលីករដែលមិនអាចខ្វះបាន​ក្នុង ការស្វែងរកធម្មានុរូបនៃអ្នកតំណាងប្រជាជាតិ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​​ហៅកាត់ថា(គ.ជ.ប) គឺជាស្ថាប័នដែលសម្រួលដល់ប្រតិបត្តិការបោះ​ឆ្នោត​ទាំងមូល។ ក្រោយកិច្ចចរចារ​នយោបាយនៅអាណត្តិទី៥កន្លងទៅ គ.ជ.បបានវិវត្តខ្លួនគួរឲ្យភ្ញាក់ផ្អើលពី​ស្ថាប័នដែល​ធានា​ដោយបទដ្ឋានគតិយុត្ត ដែលមានតម្លៃក្រោមរដ្ឋធម្មនុញ្ញ(ច្បាប់) ទៅជាស្ថាប័ន​ដែលទទួល​ស្គាល់ និងមាន​តម្លៃ​រដ្ឋធម្មនុញ្ញ។ ជាក់​ស្តែង គ.ជ.ប ត្រូវបានបញ្ញត្តនៅក្នុងជំពូកទី១៥ថ្មី​ (សូមមើល​ ព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤) ត្រង់មាត្រា ១៥០ថ្មី និង១៥១ថ្មី​។ យើង​អាចធ្វើការកត់សម្គាល់ទៅលើចំណុចមួយចំនួននៃស្ថាប័នគ.ជ.បក្នុងឋានៈជាស្ថាប័នធម្មនុញ្ញ។

ជាបឋម ស្ថាប័នធម្មនុញ្ញត្រូវធានាអោយបាននូវភាពយូរអង្វែងនៅក្នុងដំណើរការប្រព្រឹត្តទៅរបស់ខ្លួន ក្រោម​ហេតុ​​ផល​ថា​វាជាសរសរស្តម្ភនៃស្ថិរភាពនយោបាយ និង​គតិយុត្តរបស់រដ្ឋ។ ក្រឡេកទៅមើលស្ថាប័ន គ.ជ.បវិញ សំណួរមួយចំនួនត្រូវបានចោទឡើង ដូចជាតើស្ថាប័ន គ.ជ.ប អាចធានាបាននូវភាពឋិតឋេរបស់ខ្លួនបានយូរយ៉ាងណា ប្រសិនបើបញ្ញត្តិរដ្ឋធម្មនុញ្ញនៃមាត្រា ១៥១ថ្មី ហាក់មានភាព​រឹតត្បិតទៅលើសមាជិកភាព​របស់ខ្លួន ជាពិសេសត្រង់ចំណុចដែលសមាជិកបួនរូបត្រូវជ្រើសចេញពីគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា ដែល​មិនចូលរួមក្នុងរាជរដ្ឋាភិបាល។ វាពិតហើយថានៅក្នុងនីតិកាលទីប្រាំនៃរដ្ឋសភានេះ គណបក្សដែលមិ​ន​ចូល​រួមក្នុងការបង្កើតគណៈរដ្ឋមន្ត្រីគឺមានតែមួយ ដូច្នេះការស្វែងរកសមាជិកបួនរូប ពិតជាមិនចោទ​ជាបញ្ហា​នោះ​ឡើយ។ ផ្ទុយទៅវិញ សម្មតិកម្មមួយអាចនឹងត្រូវបានលើកឡើងថាប្រសិនបើ​គណ​បក្សដែលមិនចូលរួម​រាជ​រដ្ឋាភិបាល​មានពីរឬលើសពីនេះ តើកូតាបួនកៅអីនៃសមាជិកភាព គ.ជ.បត្រូវដោះស្រាយយ៉ាងណាវិញ? តើរដ្ឋសភា​ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា ១៥១ថ្មីនេះ ឬក៏ទុកលទ្ធភាពដល់ក្រុម​ប្រឹក្សាធម្មនុញ្ញ​ជា​អ្នក​បក​ស្រាយតាមឆន្ទានុសិទ្ធិរបស់ខ្លួន ?

ជាបច្ចេកទេសនីតិសាស្ត្រ រដ្ឋធម្មនុញ្ញចែងអំពីស្ថាប័ននយោបាយ​កំពូលដែលធានាដល់និយ័តកម្ម និង​យុត្តិធម៌​សង្គមពោលគឺរក្សាឲ្យបាននូវតុល្យភាពរវាង អំណាចនីតិបញ្ញត្តិ ប្រតិបត្តិ និងតុលាការ។ លើសពីនេះ​ទៅ​ទៀត ច្បាប់កំពូលនេះ ក៏ត្រូវរក្សាឲ្យបាននូវទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងប្រជារាស្ត្រ។ ការណ៍ដែល​រដ្ឋ​ធម្មនុញ្ញទទួលស្គាល់ដំណោះស្រាយនយោបាយរយៈពេលខ្លី និងតាំងជា​បញ្ញត្តិ​ដែលមានតម្លៃរដ្ឋធម្មនុញ្ញ​អាច​បណ្តាល​​អោយ​ច្បាប់កំពូលនេះមិនមានភាពច្បាស់លាស់ និងអាចបាត់បង់​ឧត្តមានុភាព​របស់​ខ្លួន ជាពិសេស​គឺ​អាច​​​ប៉ះពាល់​ដល់​សន្តិ​សុខគតិយុត្ត ដែលអាចបង្កើតឲ្យមានភាពប្រទាំងប្រទើសនៃច្បាប់ដែលកំពុងអនុវត្ត និង​បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ទើប​បង្កើតថ្មី ។ ​លើសពីនេះទៀតសោត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាញឹកញយ គឺអាចប៉ះពាល់​ដល់​ឆន្ទៈ​នៃអំណាចរដ្ឋធម្មនុញ្ញដើម​ ហើយនឹងធ្វើអោយរ​ដ្ឋ​ធម្ម​នុញ្ញអាចត្រូវ​ចាត់​ថ្នាក់ជា​រដ្ឋធម្មនុញ្ញទន់ បើទោះបី​ជា​ការធ្វើ​វិសោធ​នកម្មនោះ​ឆ្លើយ​តបទៅនឹងការវិវត្តនៃសង្គម ឬស្ថានភាព​នយោបាយ​ក៏ដោយចុះ។

ប្រសិនបើយើងសង្កេតឲ្យបានល្អិតល្អន់ទៅ ការលើកស្ថាប័នគ.ជ.ប ទៅជាស្ថាប័នធម្មនុញ្ញហាក់ដូចជាឆ្លើយតប ទៅនឹងបរិបទនយោបាយ ជាជាងគិតទៅដល់សន្តិសុខគតិយុត្តទៅវិញទេ គឺប្រៀប​ដូច​ទៅនឹងការបង្កើតស្ថាប័ន ព្រឹទ្ធសភានៅឆ្នាំ ១៩៩៩ នោះឯង។ ជាដំណោះស្រាយ តើយើងគួរធ្វើយ៉ាងណា ដើម្បីចៀសវាងការប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញជាឧបករណ៍ក្នុងការដោះស្រាយបញ្ហានយោបាយ?​ យ៉ាងណាមិញ ស្ថិរភាពនយោបាយ​ និងសន្តិសុខ​​គតិយុត្តជាគោលការណ៍គ្រឹះពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាននោះទេ ពោលគឺគេ​ត្រូវ​ស្វែង​រកតុល្យភាព និងផ្លូវកណ្ដាលមួយឲ្យខានតែបាន។​