ចងក្រងដោយ ថោ ករុណា និង លេខ យូគឹម
រដ្ឋធម្មនុញ្ញ គឺជាច្បាប់មួយប្រភេទដែលមានឋានៈខ្ពស់បំផុតនៅក្នុងឋានានុក្រមគតិយុត្តរបស់រដ្ឋនីមួយៗ នេះបើយោងទៅតាមទ្រឹស្តីរបស់លោក Hans Kelsen។ តួយ៉ាង រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវ បានចាត់ទុកថាជាច្បាប់កំពូល ដែលបានចែងអំពីសិទ្ធិសេរីភាពជាមូលដ្ឋាន និងករណីយកិច្ចប្រជាពលរដ្ឋ ព្រមទាំងកំណត់អំពីជោគវាសនានៃស្ថាប័ននយោបាយជាតិទាំងមូល ក្នុងគោលបំណងតែមួយគត់ គឺតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ។
នៅក្នុងចក្ខុវិស័យនេះ បទដ្ឋានគតិយុត្តដទៃទៀត ដែលមានតម្លៃក្រោមរដ្ឋធម្មនុញ្ញ ត្រូវតែអនុលោមយ៉ាង ដាច់ខាតទៅនឹងច្បាប់កំពូលមួយនេះ ដើម្បីធានាឲ្យបាននូវសណ្ដាប់ធ្នាប់ សុខដុមនីយកម្ម និងសន្តិសុខគតិយុត្ត ក៏ដូចជាឯកសណ្ឋានភាព ឬសង្គតិភាពក្នុងការអនុវត្តច្បាប់នៅក្នុងប្រទេសមួយ ឲ្យសមប្រកបតែនឹង វឌ្ឍនភាពជាធ្លុងមួយ។
ទាញចេញពីហេតុផល និងទស្សនវិជ្ជាច្បាប់ ដូចដែលបានរៀបរាប់ខាងលើនេះ ក្រុមប្រឹក្សា (ឬតុលាការ) ធម្មនុញ្ញ ត្រូវបាននិម្មិតខ្លួនឡើងនៅក្នុងប្រព័ន្ធច្បាប់ធំៗ ក្នុងនាមជាស្ថាប័នជាតិជាន់ខ្ពស់ដែលមានធម្មានុរូប ក្នុងការពិនិត្យធម្មនុញ្ញភាពនៃច្បាប់នានា ព្រមទាំងមានអំណាចក្នុងការបកស្រាយបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ នៅ ពេលមានភាពប្រទាំងប្រទើស។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័នកំពូលមួយនេះ ក៏មានសមត្ថកិច្ចក្នុងការដោះ- ស្រាយរាល់វិវាទទាក់ទងនឹងការបោះឆ្នោតផងដែរ ហើយដែលរាល់សេចក្តីសម្រេចរបស់ខ្លួន ជាសេចក្តី សម្រេចបិទផ្លូវតវ៉ា។ ជាក់ស្តែង ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ក្នុងក្របខ័ណ្ឌនៃបរិបទសង្គមខ្មែរ ហើយក៏ត្រូវបានអ្នកច្បាប់ប្រមើលមើលអំពីតួនាទី និងគុណតម្លៃ ដូចគ្នានេះដែរ។
បើគិតមកដល់ពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានប្រារព្ធខួប១៨ឆ្នាំហើយ។ ថ្វីត្បិតតែស្ថាប័នជាតិ កំពូលមួយនេះមានវ័យក្មេងបន្តិចក៏ពិតមែន ក៏ប៉ុន្តែយើងសង្កេតឃើញថា ស្ថាប័ននេះបានចូលរួមចំណែក យ៉ាងសកម្មក្នុងកិច្ចស្ថាបនា និងលើកស្ទួយដំណើរការនីតិរដ្ឋនៅកម្ពុជាដោយមិនអាចប្រកែកបាន។ ក្នុងន័យ នេះ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានដើរតួនាទីស្នូល៤សំខាន់ៗ៖ ទីមួយ តួនាទីជានិយ័តករច្បាប់ (organe régulateur interne) ក្នុងការពិនិត្យធម្មនុញ្ញភាពជាអាទិកាល (a priori) នៃគ្រប់ច្បាប់រៀបចំអង្គការ និងពិនិត្យ ធម្មនុញ្ញភាពជាបច្ឆាកាល (a posteriori) នៃច្បាប់ដែលត្រូវបានប្រកាសឲ្យប្រើរួចហើយ ទីពីរ តួនាទីជា ចៅក្រមបកស្រាយបញ្ញត្តិរដ្ឋធម្មនុញ្ញ ទីបី តួនាទីជាចៅក្រមដោះស្រាយវិវាទស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ទីបួន តួនាទីជាទីប្រឹក្សាច្បាប់ថ្វាយមតិដល់ព្រះមហាក្សត្រ។
ដោយឈ្វេងយល់អំពីគុណតម្លៃ និងឧត្តមប្រយោជន៍ទាំងអស់នេះហើយ យើងខ្ញុំបានធ្វើការល្បងចង ក្រងនូវរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរវាងចន្លោះឆ្នាំ២០០៣ ដល់ ឆ្នាំ២០១៦ គិតចាប់ពីថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០០៣ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែដោយឡែក ចំពោះសេចក្តីសម្រេច ដែលបានប្រកាសមុនឆ្នាំ២០០៣ យើងខ្ញុំ មិនបានលើកឡើងនោះទេ ដោយសារកង្វះប្រភពឯកសារ។ គេគួរ បញ្ជាក់ផងដែរថា ស្នាដៃចងក្រងនេះត្រូវបានធ្វើឡើង ដោយផ្អែកទាំងស្រុងលើគេហទំព័រផ្លូវការរបស់ក្រុម ប្រឹក្សាធម្មនុញ្ញ។ ប៉ុន្តែ វាអាចនឹងមានលក្ខណៈពិសេសត្រង់ថា យើងបានបង្កភាពងាយស្រួលដល់អ្នកចង់ សិក្សាស្វែងយល់ និងអ្នកស្រាវជ្រាវទាំងឡាយ ដោយបានរៀបចំ និងប្រមូលផ្ដុំសេចក្តីសម្រេចទាំងនោះជាផ្នែកៗទៅតាមប្រភេទនៃគុណវឌ្ឍិនីមួយៗ។
ជាចុងក្រោយនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ស្នាដៃដ៏តិចតួចស្ដួចស្តើងនេះអាចនឹងក្លាយ ជាគ្រឿងសម្រាប់ពញ្ញាក់ស្មារតី ក៏ដូចជាយានដើម្បីពង្រឹកពុទ្ធិបន្ថែមដល់អ្នកសិក្សាទាំងឡាយទាំងពួង។