បទវិចារណកថា៖ យោងតាមកវីក្រមង៉ុយ តើ FACEBOOK គឺជាចៅក្រម?

បទវិចារណកថា៖ យោងតាមកវីក្រមង៉ុយ តើ FACEBOOK គឺជាចៅក្រម?

ដោយ ចក សម្បត្តិ, 23-11-2016, 02:22 AM , ប្រភេទ : បទវិចារណកថា

ក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ បណ្តាញសង្គមដូចជា Facebook បានដើរតួនាទី ក្នុងការផ្សព្វផ្សាយព័ត៌មាន​ជាដើម ដែលស្របតាមលទ្ធិប្រជាធិបតេយ្យ។ បន្ថែមលើការចែករំលែកព័ត៌មាន បណ្តាញសង្គមមួយនេះកំពុង ​តែមានឥទ្ធិពលយ៉ាងសម្បើម តាមរយៈការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ទៅលើ​បញ្ហា​អ្វី មួយ។ ជារៀងរាល់ថ្ងៃ គេមានឃើញការបញ្ចេញមតិអាណិតអាសូរ ការខឹងសម្បារ សេចក្តីស្អប់ ការរើសអើស ទម្លាក់កំហុស និងការជេរប្រមាថ ចំពោះគូក្តី ឬគ្រួសាររបស់គូក្តី នោះលើបណ្តាញសង្គម Facebook។ យើងមិនអាចបដិសេធអំពីសេចក្តីស្រលាញ់ក្នុងរង្វង់គ្រួសារ ឬមិត្តភ័ក្តបានទេ។ តែអ្វីដែលត្រូវ​បដិសេធនោះ គឺការសន្និដ្ឋានរបស់មហាជន អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើមួយចំនួន ទៅលើរឿងហេតុ​ទំនាស់​​ណាមួយ ទោះបីអ្នកប្រើប្រាស់នោះ មិនបានដឹងរឿងច្បាស់លាស់ ឬគ្រាន់តែបានទទួលព័ត៌មានពីអ្នក​ដទៃ​ក៏​​ដោយចុះ។ ការសន្និដ្ឋានអះអាង បានផ្អែកលើការអាណិតអាសូរ ការខឹងសម្បារ សេចក្តីស្អប់ ការរើស​អើង ទម្លាក់កំហុសនិងការជេរប្រមាថ ដោយលឿនឆាប់រហ័សពេក គឺជាការបញ្ចេញមតិដោយគ្មានហេតុ និង​ផល​ច្បាស់លាស់ ប្រាសចាកឆ្ងាយអំពីការពិតនៃសាច់រឿង។ កាន់តែគ្រោះថ្នាក់កាន់តែខ្លាំង គឺនៅពេលដែល​អ្នក​​ប្រើប្រាស់​បណ្តាញសង្គម Facebook មិនយល់ដឹងអំពីច្បាប់របស់សង្គម ហើយពេលខ្លះថែមទាំងប្រមូល​ផ្តុំគ្នាបញ្ចេញមតិប្រឆាំងនឹងការអនុវត្តច្បាប់រដ្ឋទៀតផង។ ផ្អែកលើហេតុទាំងអស់ខាងលើនេះ អ្នកប្រើប្រាស់​បណ្តាញ សង្គម Facebook ទាំងនោះត្រូវបានគេមើលឃើញថា កំពុងបំពេញតួនាទីជាចៅក្រមក្នុងការស្វែងរក​ការពិត។ តើពួកគេអាចជាអ្នកជួយស្វែងរកការពិតបានឬយ៉ាងណា?

ព្រះភិរម្យ ភាសាអ៊ូ ហៅ ក្រមង៉ុយ ដែលជាអ្នកប្រាជ្ញផ្នែកទស្សនវិជ្ជាខ្មែរ ក្នុងស្នាដៃកំណាព្យជាច្រើន របស់លោក បានពោលទាក់ទងនឹងចៅក្រមថា៖

«២៦- ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្តី កុំឆ្មើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្តី យកឧបេក្ខា។ ២៧- កុំកាន់សីហលោ កុំកាន់លោភោ ទោសោមោហោ កុំជក់អាភៀន កុំឃ្លានផឹកស្រា កុំស្អប់ខាងណា សច្ចាយកត្រង់។  […]  ២៩- អ្នកក្តីជាភ្លើង កុំកាត់ជាន់ជើង អ្នកម្ខាងមើលងាយ ចៅក្រមជាទឹក រំឮករលាយ កុំជេរកុំវាយ បង្ខំនាំខុស» (សូមមើល ច្បាប់ល្បើកថ្មី បទកាកគតិ និពន្ធឆ្នាំ ១៩២២)។

ផ្នែកតាមអំណាននៃល្បះទាំងបីខាងលើនេះ យើងអាចយល់បានថា បុគ្គលដែលអាចធានាស្វែងរកការ​ពិតប្រកបដោយវិជ្ជាជិវៈ និងផ្អែកតាមក្បួនច្បាប់ច្បាស់លាស់នោះ គឺចៅក្រម។ ក្នុងមុខនាទីជាអ្នកជំនុំកាត់សេចក្តីស្វែងរកការពិតលើវិវាទណាមួយ អ្វីដែលសំខាន់ជាងគេគឺ ចៅក្រមត្រូវតែជាអ្នកចេះក្បួនច្បាប់រដ្ឋ ជា​បុគ្គលសច្ចៈ (ពិតទៀងត្រង់) ប្រកាន់យកតែការពិតទៀងត្រង់តាមច្បាប់ មានអាកប្បកិរិយាសុភាពរាបសារ មិន​ឆ្មើងឆ្មៃ និងមិនរើសអើង។ មិនមែនជាបុគ្គលដែលប្រព្រឹត្តអបាយមុខ ចៅក្រមក៏មិនត្រូវកាត់សេចក្តីដោយ​អាង​អំណាច និងបំពានអំណាចនោះទេ តែត្រូវជៀសវាងឲ្យផុតពីធម៌លំអៀងទាំងបួនគឺ សេចក្តីអាណិត​ស្រលាញ់ ឬចងបានប្រយោជន៍ សេចក្តីស្អប់ សេចក្តីល្ងិតល្ងង់ និងសេចក្តីភ័យខ្លាច។ ជាក្នុងនាមជា​បុគ្គលកាត់​សេចក្តី​ស្វែង​រកការពិត ចៅក្រមត្រូវតែជាបុគ្គលត្រជាក់ដូចជាទឹក ដើម្បីពន្លត់ទៅលើភ្លើងដែល​តំណាងឲ្យអ្នកក្តី ហើយ​ទឹកនេះក៏មិនត្រូវទទួលរងនូវកំដៅណាមួយដែរ។ ការស្វែងរកការពិត គឺជារឿងដ៏​សែនពិបាក ដូចពាក្យ​ចាស់ពោលថា «ពាក្យពិតពិបាកថ្លាថ្លែង ពាក្យក្លែងងាយស្រួលស្រដី» ។ នេះពិតជា​សមស្របទៅនឹង​អ្វីដែល​ក្រមង៉ុយ​ បានពោលបន្ថែមក្នុងច្បាប់កេរកាលថ្មី (បទព្រហ្មគីតិ និពន្ធ ឆ្នាំ ១៩២២) ល្បះទី១៣១ ថា៖ «យល់ឆ្ងាយ​កុំ​ណាយចិត្ត ទោះយល់ជិតកុំអាលខំ មិនដាក់មើលឲ្យចំ ក្រែងច្រឡំសជា​ខ្មៅ»។ ការស្វែងរកការពិតមិនអាច​កើត​ឡើងដោយការប្រើសប្រាស់ញាណទាំងប្រាំបាននោះទេ។ ការពិត ត្រូវតែកើតចេញពីការពិចារណារក​ហេតុ និងផលឲ្យបាន​ត្រឹម​ត្រូវពីអ្នកដែលមានចំណេះជំនាញផ្នែកច្បាប់ ភាពឈ្លាសវៃ និងសីលធម៌ខ្ពស់ និងច្បាស់លាស់ ពីព្រោះថា ហេតុនិងផលគឺជាកំពូលច្បាប់ ដែលបុគ្គលសាមញ្ញពិបាកនឹងយល់ដឹងបាន។ ខុសពីការពិតដែលពិបាកស្វែងរក ពាក្យភូតភរកុហកទៅវិញទេ ដែលជារឿងងាយស្រួលនឹងប្រព្រឹត្តដោយ​បុគ្គល​គ្រប់រូប។ 

យោងតាមស្ថានភាពសង្គម និងឧត្តមទស្សនៈរបស់កវីក្រុមង៉ុយដូចបានរៀបរាប់ខាងលើនេះគឺថា មិន​មែន​​​បុគ្គលគ្រប់រូប រួមទាំងអ្នកប្រើប្រាស់ Facebook ផងដែរនោះ សុទ្ធតែអាចក្លាយជាចៅក្រម​បាននោះទេ ប្រសិន​បើពួកគេគ្មានលក្ខណៈសម្បត្តិដូច​ដែលកវីក្រមង៉ុយ​បាន​លើក​ឡើង។ ស្ថិតក្នុងមុខ​នាទីចម្បងជាអ្នកស្វែង​​​រក​ការពិត និង​សម្រេច​​សេចក្តីឈរលើការពិតនេះ ចៅក្រមត្រូវតែមាន​ចំណេះ​ជំនាញ​ផ្នែកច្បាប់​ ភាពឈ្លាស​​វៃ និងសីលធម៌ខ្ពស់​ហួស​ពីបុគ្គលសាមញ្ញ ហើយការស្វែងរកការពិត មិនមែនជារឿង​ងាយ​ស្រួលដូច​បកចេក​ហូប​ដូចដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook មួយចំនួនកំពុងតែធ្វើនោះទេ។ សង្ឃឹម​ថា Facebook នឹងមិនក្លាយទៅជាតុលាការកាត់សេចក្តីមហាជនដែលកំពុងតែធ្វើនៅតាមផ្លូវថ្នល់សព្វថ្ងៃ។

ទាញយកអត្ថបទជា PDFនៅទីនេះ