បទវិចារណកថា «ទិដ្ឋភាពអាពាហ៍ពិពាហ៍ខ្មែរ៖ ទម្លាប់ធំជាងច្បាប់?»

បទវិចារណកថា «ទិដ្ឋភាពអាពាហ៍ពិពាហ៍ខ្មែរ៖ ទម្លាប់ធំជាងច្បាប់?»

ដោយ ចក សម្បត្តិ, 11-01-2017, 02:03 PM , ប្រភេទ : បទវិចារណកថា, ចក សម្បត្តិ

ទស្សនវិទូអង់គ្លេស លោក ចនឡុក​ បានពោលថា​ ទីណាដែលគ្មានច្បាប់ ទីនោះគ្មានសេរីភាពទេ។ អ្នកសិក្សាច្បាប់ទាំងឡាយប្រាកដជាដឹងច្បាស់ណាស់ថា ​ទម្លាប់ក៏ជាច្បាប់ដែរ ព្រោះជាប្រភពមួយរបស់ច្បាប់។ ទម្លាប់មានអានុភាពចាប់បង្ខំឲ្យអនុវត្តបាន កាលណាសកម្មភាពមួយកើតឡើងចាប់ពី ២ ដង ឡើងទៅដែលអ្នកផងទទួលស្គាល់នឹងត្រាប់តាមមានលក្ខណៈទូទៅសមល្មមក្នុងដែនដី និងពេលវេលាមួយកំណត់ ព្រមទាំងអនុវត្តក្នុងវិស័យណាមួយជាក់លាក់។  ក៏ប៉ុន្តែ ទម្លាប់មិនមែនជាច្បាប់សរសេរ និងមិនមែនសុទ្ធតែត្រូវបាន ពិភាក្សាដេញដោលរកហេតុ និងផលឲ្យបានត្រឹមត្រូវឯណា។ តួនាទីរបស់ទម្លាប់​គឺបំពេញបន្ថែមឲ្យចន្លោះប្រហោងរបស់ច្បាប់ ត្បិតអីច្បាប់មិនដែលពេញលេញ និងល្អឥតខ្ចោះនោះទេ។ ផ្ទុយទៅវិញ ទម្លាប់​ក៏មិនត្រូវជំទាស់ប្រឆាំងទៅនឹងច្បាប់ដែរ ត្បិតអីច្បាប់មានការបង្ហាញហេតុ និងផលច្បាស់លាស់ ចំណែកឯ ទម្លាប់ទាំងអស់វិញមិនបានផ្អែកលើមូលដ្ឋានហេតុ និងផលរឹងមាំនោះឡើយ។ 

ក្រមរដ្ឋប្បវេណីកម្ពុជាឆ្នាំ២០០៧​​ ចែងកំណត់អំពីលក្ខខណ្ឌនិងរបៀបរបបនៃការរៀបអាពាហ៍ពិពាហ៍ខ្មែរ ដោយបានប្រកាន់យកសេរីភាពបុគ្គលជាធំ។ ការរើសប្តី ឬប្រពន្ធពឹងអាស្រ័យលើការសម្រេចចិត្តរបស់សាមី ខ្លួន បើកាលអ្នកទាំងពីរនោះមានវ័យគ្រប់ការអាចពិចារណារកខុសនិងត្រូវ ដើម្បីដឹកនាំជីវិតរបស់ខ្លួនទៅមុខ ដោយខ្លួនឯង។ ការព្រមព្រៀងរបស់សាមីខ្លួនដែលចង់រៀបអាពាហ៍ពិពាហ៍ និងប្រកាសជាឧឡារិកនៅមុខ អាជ្ញាធរឃុំ-សង្កាត់ គឺជារឿងគ្រប់គ្រាន់ដែលក្រមច្បាប់នេះបានតម្រូវជាសារវ័ន្ត។ លក្ខខណ្ឌនៃភាពស្រប ឬ មិនស្របនៃខែឆ្នាំរវាងបុគ្គលជាអនាគតជាប្តីប្រពន្ធទាំងពីរ ឬទំនៀមទម្លាប់ប្រពៃណី ឬ ការព្រមព្រៀងពីឪពុកម្តាយទាំងសងខាង មិនមែន​ជាលក្ខខណ្ឌនៃការរៀបអាពាហ៍ពិពាហ៍តាមច្បាប់សង្គមឯណា។ ក្រមរដ្ឋប្បវេណីកម្ពុជាឆ្នាំ២០០៧នេះ បាន​ផ្អែកលើបរិបទថ្មីនៃចរន្តសិទ្ធិមនុស្សសាកលបច្ចុប្បន្ន សិទ្ធិមនុស្សដែលត្រូវបានតាក់តែងឡើងដោយពួក​បស្ចឹម​លោកឯនោះទេតើ។ សិទ្ធិមនុស្សដែលពេលខ្លះ បដិសេធចោលនូវប្រពៃណី ឬគោលការណ៍របស់ប្រទេស​អាស៊ី ឬ ប្រទេសផ្សេងមួយចំនួនទៀត។ សិទ្ធិមនុស្សដែលគេប្រាថ្នាចង់បាននូវឯកភាពទូទាំងពិភពលោក និង​បានបដិសេធចោលនូវភាពចំរុះរបស់មនុស្សជាតិ។

ក្នុងជីវភាពរស់នៅបច្ចុប្បន្ននេះ អាពាហ៍ពិពាហ៍របស់មនុស្សខ្មែរមួយភាគនៅតែត្រូវបានដឹកមុខដោយ ប្រពៃណីបូរាណដែលចារទុកជាយូរមកហើយ។ ការរើសគូស្រករមិនបានកើតឡើងជាបឋមដោយ សាមីខ្លួនបុគ្គលជាកូនប្រុសស្រីទេ តែបែរជាកើតចេញអំពីការសម្រេចរបស់ឪពុកម្តាយ ចាស់ទុំដែលផ្តល់តម្លៃលើតម្រារខែឆ្នាំ ទំនៀមទំលាប់ប្រពៃណី ឬ សតិអារម្មណ៍របស់ពួកគាត់។ ការសម្រេចបាននូវសេចក្តីសុខ ឬទុក្ខមិនមែនកើតចម្បងមកពីជំនឿលើខែឆ្នាំឯណា ទំនៀមទំលាប់ប្រពៃណី តែកើតចេញជាចម្បងមកពីបុគ្គលជាសាមីនៃម្ចាស់អាពាហ៍ពិពាហ៍។

ក្នុងប្រលោមលោក​ទុំទាវ គេបានលើកឡើងដូចគ្នាផងដែរថា នំមិនធំជាងនាឡិ ។ ក្នុងន័យនេះ​មិនគួរ​សោះ​​ឡើយ​ក្នុងការយកសេរីភាពរបស់បុគ្គលមកវាស់វែងត្រឹមតែនាឡិដ៏តូចមួយនោះទេ។ ក្នុងការយក​អនាគត​បុគ្គល​​ម្នាក់ យកមកវាស់វែងដោយការយល់ឃើញខ្វះការពិចារណារកហេតុផលត្រឹមត្រូវរបស់បុគ្គល​ម្នាក់ផ្សេង​ទៀត។ តើគេគួរបោះបង់ចោលទេនូវច្បាប់ទម្លាប់ដែលធ្វើឲ្យមនុស្សមិនដឹងអ្វីសោះ មនុស្សស្មោះ​ត្រង់​នឹងគ្នា​ទទួលរងនូវការឈឹចាប់ទាំងមិនបានប្រព្រឹត្តកំហុស តើទម្លាប់បែបនេះត្រូវតែបន្តមានសុពលភាព​ទៀត​ឬយ៉ាង​ណា?

ជាដំបូង គេមិនអាចបដិសេធចោលថា គ្រួសារខ្មែរគឺជាសង្គមតូចមួយដែលចំណងសាច់ញាតិមាន     លក្ខណៈស្អិតរមួតពឹងពាក់អាស្រ័យគ្នា និងមិនអាចផ្តាច់ចេញពីគ្នាបានដោយងាយនោះទេ។ ចំណងស្អិតរមួត នេះ​គឺជាផ្នែកមួយនៃភាពសុខដុមនៅសង្គមតូចមួយនេះ។ អ្នកជំនាញផ្នែកចិត្តសាស្រ្ត ឈឹម សុធារ៉ា បាន​អះអាងនៅ​ចំពោះមុខសាលាក្តីខ្មែរក្រហមថា ទំនាក់ទំនងផ្លូវចិត្ត ផ្លូវសម្ភារៈ រវាងសមាជិកគ្រួសារខ្មែរ គឺមាន​ភាព​ស្អិតរមួតក្នុង ចំណោមឪពុកម្តាយ បងប្អូន ជីដូន ជីតា មាមីង កូនក្មួយ និងបងប្អូនជីដូនមួយ ជាដើម។ ការរស់នៅ​របស់មនុស្សខ្មែរ គឺជាការរស់នៅក្នុងសង្គមគ្រួសារដ៏ស្អិតរមួតទាំងមុន និងក្រោយអាពាហ៍ពិពាហ៍។ ទាំងបុរស និងនារីក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយនឹងត្រូវរស់នៅក្នុងសង្គមគ្រួសារពីរដ៏ស្អិតរមួត ដូច្នេះ ​ការសម្រេចឲ្យបាននូវសុខដុមបនីយកម្មរវាងគ្រួសារទាំងពីរគឺជារឿងចាំបាច់។ ត្រង់នេះទម្លាប់បាន​បំពេញ​នូវបេសកកម្មកសាងសន្តិភាពក្នុងរង្វង់គ្រួសារខ្មែរ។

ផ្ទុយទៅវិញបុគ្គលមួយចំនួនបានទាមទារនូវភាពខ្ពង់ខ្ពស់របស់ច្បាប់ទៅលើទម្លាប់ ដោយសារការលើក យកសិទ្ធិមនុស្សមកធ្វើជាទឡ្ហីករណ៍ដើម្បីបដិសេធចោលនូវទំនៀមទម្លាប់បូរាណខ្មែរ។

ប្រហែលជិត ១០០ ឆ្នាំមុននេះ ក្រមង៉ុយ បានពោលក្នុងច្បាប់ល្បើកថ្មី និពន្ធឆ្នាំ ១៩២២ ត្រង់កថាខណ្ឌ ៧៨ ថា កូនចៅប្រុសស្រី រកប្រពន្ធប្តី ឲ្យរកស្រុកជិត បើរកស្រុកឆ្ងាយ ឲ្យម្តាយពិនិត្យ ឲ្យត្រឹមត្រូវពិត ពូជពង្សាវតា។​ ពាក្យកាព្យរបស់ក្រមង៉ុយនេះ ក៏ស្របគ្នានឹងពាក្យចាស់បូរាណខ្មែរដែលថា ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសណ្តាន ។ ក្នុងន័យនេះ អ្នកដែលមានអាយុច្រើន ឬ មានបទពិសោធន៍ច្រើនជាអ្នកជួយពិនិត្យពិចារណាលើភាពត្រឹមត្រូវក្នុងការពង្រីកទំនាក់ទំនងសង្គមតូចមួយទៅមួយទៀត។  ចំណែកឯ កថាខណ្ឌ ៧៩​ មាន សេចក្តី​ថា ​កូនអើយអ្នកចាំ កុំជឿខែឆ្នាំ​ ជឿក្បួនតម្រារ ពាក្យក្បួនតម្រាយ    កើតពីមនុស្សចារ ពីដូនពីតា​ ចារជាសម្គាល់ ។ ត្រង់នេះ ក្រមង៉ុយបានបដិសេធចោលនូវទម្លាប់ដែលមិនបានថ្លឹងថ្លែងរកហេតុផលឲ្យច្បាស់លាស់ និងដែលគ្រាន់តែកើតចេញពីការកត់ចំណាំតៗគ្នា មានពេលខ្លះត្រឹមត្រូវ និងពេលខ្លះទៀតពុំត្រឹម​ត្រូវ​។ ដោយឡែក ក្នុងច្បាប់កេរកាលថ្មី បទព្រហ្មគីតិ និពន្ធក្នុងឆ្នាំ ១៩២២​ កថាខណ្ឌ ១៣២ ក្រមង៉ុយ បានពោលថា ទម្លាប់ធំជាងច្បាប់ បើរៀបត្រាប់កុំត្រាប់ខ្លៅ ត្រាប់ប្រាជ្ញអាចប្រដៅ ស្តីកូនចៅឲ្យស្តីស្មោះ។ តាមរយៈនេះ ក្រមង៉ុយក៏បានទទួលស្គាល់ផងដែរថា ការត្រាប់ដែលបង្កើតបានជាទម្លាប់ធំ ឬខ្ពស់ជាងច្បាប់ ការត្រាប់ដែលផ្អែកលើអ្នកប្រាជ្ញដែលជាមនុស្សដឹងខុសដឹងត្រូវដឹងហេតុដឹងផលច្បាស់លាស់។ ក្នុងស្ថានភាពខ្លះ ទម្លាប់ក៏​ប្រសើរជាងច្បាប់ផងដែរ ត្បិតអីច្បាប់មិនមែនឥតខ្ចោះឯណា ហើយច្បាប់ក៏មិនមែនជារបស់ស្លាប់ស្តូកស្តឹង​មិន​វិវត្តន៍ខ្លួនឯណា។

ដូចនេះ ក្នុងរឿងអាពាហ៍ពិពាហ៍ខ្មែរ ដើម្បីឲ្យទម្លាប់មានមានត្រឹមត្រូវ និងអាចទួលយកបាននោះ ទម្លាប់មិនគួរធំជាងច្បាប់នោះទេ តែគួរតែជាគ្រឿងផ្សំមួយបំពេញបន្ថែមឲ្យច្បាប់ បើកាលណាភាពទន្ទឹមគ្នារវាងច្បាប់ និងទម្លាប់បង្កើតបាននូវភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ។ ហើយការពិចារណាថា ទំនៀមទំលាប់ ទាក់ទងនឹងអាពាហ៍ពិពាហ៍ណាមួយមានហេតុ និងផលត្រឹមត្រូវនោះ ជានាទីរបស់បុគ្គលម្នាក់ៗ ក្នុងការពិចារណាទទួលយកមកអនុវត្តរៀងៗខ្លួន ក្នុងគោលដៅស្វែងភាពសុខដុមក្នុងរង្វង់គ្រួសារ និងសង្គមជាតិ៕

ទាញយកជា PDF នៅទីនេះ

Instagram