ព្រឹត្តិបត្រច្បាប់សាលាត្រាជូ៖ ជំរុញការអភិវឌ្ឍ និង ស្រាវជ្រាវច្បាប់នៅកម្ពុជា

ព្រឹត្តិបត្រច្បាប់សាលាត្រាជូ៖ ជំរុញការអភិវឌ្ឍ និង ស្រាវជ្រាវច្បាប់នៅកម្ពុជា

ដោយ Sala Traju Admin, 04-03-2022, 05:08 PM , ប្រភេទ : ព័ត៌មានថ្មី

ស្របតាមបេសកម្មរបស់សមាគម និងដើម្បីរក្សានូវសង្គតិភាពអត្ថបទស្រាវជ្រាវច្បាប់ដែលមានលក្ខណៈវិទ្យាសាស្រ្ត, សាលាត្រាជូ បានសម្រេចបង្កើត និងដាក់អោយដំណើរការនៃគម្រោងថ្មីស្ដីពី«ព្រឹត្តិបត្រច្បាប់សាលាត្រាជូ» ក្នុងទិសដៅបំផុសការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធនានាជាទៀងទាត់ប្រចាំឆមាសនីមួយៗ អោយមានភាពសំបូរបែបដែលអាចគ្របដណ្តប់លើវិស័យរដ្ឋ និងឯកជន ទាំងច្បាប់ជាតិ និងអន្តរជាតិ។ ជាក់ស្ដែង តាមរយៈគម្រោងនេះ សមាគមសាលាត្រាជូ បានបោះពុម្ពផ្សាយជាលើកដំបូងនូវព្រឹត្តិបត្រច្បាប់លេខពិសេសទី១ ស្តីពី «វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងច្បាប់អន្តរជាតិ» កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។  ដោយឡែក ការបោះពុម្ពផ្សាយនូវព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខទី២នេះ ជាសក្ខីកម្មសបញ្ជាក់បន្ថែមពីភាពជោគជ័យរបស់យើង ជាមួយការតាំងចិត្តមោះមុត ការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈគ្រប់គ្រាន់ ក្នុងការបន្តរក្សាការបោះពុម្ពអត្ថបទស្រាវជ្រាវច្បាប់ ដែលមានលក្ខណៈវិទ្យាសាស្រ្ត ដើម្បីជាប្រយោជន៍ដល់វិស័យច្បាប់ យុត្តិធម៌ និងវិស័យពាក់ព័ន្ធនានា។

ព្រឹត្តិបត្រច្បាប់លេខទី២ នេះ មានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវរបស់សមាគម ដែលស្ថិតនៅក្នុងជំនាញ និងវិជ្ជាជីវៈច្បាប់ផ្សេងៗគ្នា។ អត្ថបទស្រាវជ្រាវនៃលេខទី២នេះ ចែកចេញជាបីផ្នែក ដោយផ្នែកផ្នែកទី១ ផ្តោតលើច្បាប់ឯកជន​ ដែលមានដូចជា បរិបទច្បាប់ស្តីពីទីផ្សារលំនៅឋាន វិវាទទាក់ទងនឹងកម្មសិទ្ធិបញ្ញានៅកម្ពុជា អនុប្បទានសិទ្ធិបំណុល អាពាហ៍ពិពាហ៍ ព្រមទាំងអត្ថបទស្ដីពីសុខភាព និងពាណិជ្ជកម្ម។ ផ្នែកទី២ ផ្តោតលើច្បាប់សាធារណៈ ដែលមានដូចជា ប្រធានបទក្តៅស្ដីពីអាស៊ាន និងបញ្ហាប្រល័យពូជសាសន៍ ក្នុងទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ ចំណែកឯផ្នែកទី៣ ត្រូវបានបញ្ចូលអត្ថបទស្រាវជ្រាវជាប់ជ័យលាភីរបស់និស្សិតកម្មសិក្សាការីរបស់សមាគម (ពន្ឋដារ និងនីតិសាងសង់) ក្នុងគោលបំណងលើកទឹកចិត្ត និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្មសិក្សាការី។

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមឆ្នាំ ២០២១ សមាគមសាលាត្រាជូ បានបោះពុម្ពផ្សាយស្នាដៃ និងសមិទ្ធផលស្រាវជ្រាវ ជាច្រើនតាមរយៈគេហទំព័រ (www.salatraju.com)  និងបណ្តាញសង្គមក្នុងទម្រង់ជាឯកសារអេឡិចត្រូនិក (https://www.facebook.com/sala.traju) ​។ ក្នុងនោះយើងបានបោះពុម្ពផ្សាយយ៉ាងទូលំទូលាយប្រមាណ ៦៧ អត្ថបទស្រាវជ្រាវ ២៩ ជំនួយស្មារតី ២១ វិចារណកថា និងស្នាដៃសៀវភៅសិក្សានីតិសាស្ត្រចំនួន ៦ក្បាល បន្ថែមពីលើការស្រាវជ្រាវ និងការចងក្រងក្រោមរូបភាពផ្សេងៗទៀតជាច្រើន។ ស្នាដៃទាំងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកស្រាវជ្រាវ និងសិស្សនិស្សិត ដោយមូលហេតុថា សំណេរទាំងអស់នេះ បានជួយស្រាយបំភ្លឺចម្ងល់ដល់មហាជនស្ដីពីបញ្ហាគតិយុត្តថ្មីៗពាក់ព័ន្ធនឹងតថភាពសង្គម  និងជាមូលដ្ឋាន សម្រាប់មជ្ឈដ្ឋានអ្នកច្បាប់ដើម្បីសិក្សាស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត។