ទស្សនវិទូអង់គ្លេស លោក ចនឡុក បានពោលថា ទីណាដែលគ្មានច្បាប់ ទីនោះគ្មានសេរីភាពទេ។ អ្នកសិក្សាច្បាប់ទាំងឡាយប្រាកដជាដឹងច្បាស់ណាស់ថា ទម្លាប់ក៏ជាច្បាប់ដែរ ព្រោះជាប្រភពមួយរបស់ច្បាប់។ ទម្លាប់មានអានុភាពចាប់បង្ខំឲ្យអនុវត្តបាន កាលណាសកម្មភាពមួយកើតឡើងចាប់ពី ២ ដង ឡើងទៅដែលអ្នកផងទទួលស្គាល់នឹងត្រាប់តាមមានលក្ខណៈទូទៅសមល្មមក្នុងដែនដី និងពេលវេលាមួយកំណត់ ព្រមទាំងអនុវត្តក្នុងវិស័យណាមួយជាក់លាក់។ ក៏ប៉ុន្តែ ទម្លាប់មិនមែនជាច្បាប់សរសេរ និងមិនមែនសុទ្ធតែត្រូវបាន ពិភាក្សាដេញដោលរកហេតុ និងផលឲ្យបានត្រឹមត្រូវឯណា។ តួនាទីរបស់ទម្លាប់គឺបំពេញបន្ថែមឲ្យចន្លោះប្រហោងរបស់ច្បាប់ ត្បិតអីច្បាប់មិនដែលពេញលេញ និងល្អឥតខ្ចោះនោះទេ។ ផ្ទុយទៅវិញ ទម្លាប់ក៏មិនត្រូវជំទាស់ប្រឆាំងទៅនឹងច្បាប់ដែរ ត្បិតអីច្បាប់មានការបង្ហាញហេតុ និងផលច្បាស់លាស់ ចំណែកឯ ទម្លាប់ទាំងអស់វិញមិនបានផ្អែកលើមូលដ្ឋានហេតុ និងផលរឹងមាំនោះឡើយ។