វិចារណកថា៖ អំពីអភ័យឯកសិទ្ធិសភា

វិចារណកថា៖ អំពីអភ័យឯកសិទ្ធិសភា

ដោយ ចក សម្បត្តិ, 04-10-2016, 07:18 AM , ប្រភេទ : បទវិចារណកថា

មាត្រា៨០នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានកំណត់ថាអភ័យឯកសិទ្ធិសភាកើតមាននៅពេលដែលស្ថិត នៅក្នុងការបំពេញមុខងាររបស់ខ្លួនជាតំណាងរាស្ត្រ។ ពិតណាស់ភាពជាអ្នកតំណាងរាស្ត្រកើតឡើងចាប់ពី ពេលដែលបេក្ខជននៃគណបក្សមួយបានជាប់ឆ្នោត ដែលនេះជាការបកស្រាយតាមបែបទស្សនវិជ្ជា[1]។ គេហៅថាអ្នកតំណាងរាស្ត្រមិនពេញលក្ខណៈច្បាប់ (de facto)។ ក៏ប៉ុន្តែតាមន័យច្បាប់វិញ​ភាពជាអ្នកតំណាងរាស្ត្រនឹងកើតឡើងនៅពេលដែលលក្ខខណ្ឌសារធាតុ និងលក្ខខណ្ឌទម្រង់ត្រូវបានបំពេញ។ លក្ខខណ្ឌសារធាតុគឺថានៅពេលដែលឈ្មោះរបស់ខ្លួនត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យធ្វើជាតំណាងដូចដែលយើងបានលើកឡើងខាងលើ។  ហើយពាក្យថា “ក្នុងការបំពេញមុខងាររបស់ខ្លួន ” នៅក្នុងមាត្រា ៨០នៃរដ្ឋធម្មនុញ្ញនឹងបញ្ជាក់ឲ្យឃើញថា ក្នុងនាមជាអ្នកតំណាងរាស្ត្របុគ្គលនីមួយៗនឹងទទួលបាននូវ ប្រាក់បៀវត្តន៍អត្ថប្រយោជន៍ផ្សេងទៀតព្រមទាំងបុព្វសិទ្ធិសភាដូចជាការរួចផុតពីការបង់ពន្ធជាដើម។ និយាយម៉្យាងទៀតអភ័យឯកសិទ្ធិសភាគឺត្រូវនៅជាប់ជាមួយនឹងបុព្វសិទ្ធិ និងសិទ្ធិដទៃទៀត​ហើយ​ដែលប្រយោជន៍ទាំងនេះបេក្ខជនជាប់ឆ្នោតនឹងទទួលបាននៅពេលខ្លួន​បានចូលបំពេញមុខងាររបស់ខ្លួន។

បើក្រឡេកមកមើលលក្ខខណ្ឌទម្រង់វិញ ការធ្វើសច្ចាប្រណិធានគឺជាលក្ខខណ្ឌសារវ័ន្តមួយផ្សេង​ទៀត ដើម្បីទទួលបានអភ័យឯកសិទ្ធិសភា។ ការធ្វើសច្ចាប្រណិធានគឺក្នុងគោលបំណង​បង្ហាញជាឧឡារិកភាព​ដល់​ប្រជារាស្ត្រទាំងអស់ អំពីភាពស្អាតស្អំ និងភាពស្មោះត្រង់របស់បេក្ខជនជាប់ឆ្នោតនីមួយៗ នៅចំពោះមុខស្ថាប័នព្រះមហាក្សត្រ ក្នុងការបំពេញមុខងាររបស់ខ្លួន ដើម្បីឧត្តមប្រយោជន៍ជាតិ ព្រមទាំងបង្ហាញអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាតំណាងប្រជារាស្ត្រខ្មែរ។ ជាក់ស្តែងនៅពេលមានការជាប់គាំងនយោបាយនៅឆ្នាំ១៩៩៨ និង​ឆ្នាំ២០០៣ នៅពេលដែលរដ្ឋសភា និងរាជរដ្ឋាភិបាលមិនទាន់កើតជារូបរាងមាន ការបោះឆ្នោតជាកញ្ចប់ដើម្បីបង្កើតសភា និងរាជរដ្ឋាភិបាលក្នុងពេលតែមួយ។ ក៏ប៉ុន្តែមុនពេលមានការបោះឆ្នោតជាកញ្ចប់បេក្ខជនជាប់ឆ្នោតទាំងអស់ ត្រូវតែទៅធ្វើសច្ចាប្រណិធាននៅចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រដើម្បីបានមុខងារជាអ្នកតំណាងរាស្ត្រពេញផ្លូវច្បាប់​​ (de jure) និងទទួលបាននូវអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិនានា។

ការធ្វើសច្ចាប្រណិធាន ជាលក្ខខណ្ឌទម្រង់ដែលមិនអាចខ្វះបានដើម្បីបង្ហាញទៅដល់រាស្ត្រខ្មែរ។ វាប្រៀបដូចជាអាពាហ៍ពិពាហ៍ដែលបានចុះបញ្ជីអត្រានុកូលដ្ឋានដែលនឹងនាំឲ្យប្តីប្រពន្ធក្លាយទៅជាសហព័ទ្ធតាមផ្លូវច្បាប់ ពោលគឺមានទំនាក់ទំនងញាតិនឹងគ្នា (de jure) ដែលសិទ្ធិ និងកាតព្វកិច្ចរបស់គាត់នឹងស្ថិតនៅក្រោមរបបគតិយុត្តមួយច្បាស់លាស់ (មាត្រា៩៣៨នៃក្រមរដ្ឋប្បវេណី)។ នីតិវិធីចុះបញ្ជីនេះគឺជាឧឡារិកភាពនៃអាពាហ៍ពិពាហ៍នេះឯង​​។ ផ្ទុយទៅវិញប្តីប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍តាមផ្លូវប្រពៃណី ហើយតែមិនបានចុះបញ្ជីអត្រានុកូលដ្ឋាននោះទេនោះមិនមែនជាប្តីប្រពន្ធតាមផ្លូវច្បាប់ (de jure) នោះទេ ពោលគឺមិនមានចំណងញាតិ។ លក្ខខណ្ឌនេះដូចគ្នានឹងលក្ខខណ្ឌដើម្បីទទួលបានអភ័យឯកសិទ្ធិសភាដែរ។ 

ជារួម ការធ្វើសច្ចាប្រណិធានជាលក្ខខណ្ឌសារវ័ន្ត ដែលនាំឲ្យបេក្ខជនជាប់ឆ្នោតនៃគណបក្សណាមួយនោះ អាចទៅបំពេញមុខងាររបស់ខ្លួនជាអ្នកតំណាងរាស្ត្រដោយស្របច្បាប់ និងពេញផ្លូវច្បាប់ ហើយក្នុងពេលបំពេញមុខងារនោះ អ្នកតំណាងរាស្ត្រនឹងទទួលបាននូវអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិនានាដែលផ្តល់ជូនដោយរដ្ឋធម្មនុញ្ញ។

ដោយឡែកនៅក្នុងប្រព័ន្ធច្បាប់រ៉ូម៉ាំងអាឡឺម៉ង់ដែលកម្ពុជាជាផ្នែកមួយនៃប្រព័ន្ធនោះដែរនោះ គឺថាច្បាប់ដែលច្បាស់លាស់ ហើយមិនចាំបាច់ទាមទារឲ្យមានការបកស្រាយនោះទេ ឬថាគេបកស្រាយច្បាប់តែក្នុងករណីដែលច្បាប់នោះបញ្ញត្តិមិនច្បាស់លាស់តែប៉ុណ្ណោះ ។

ដូចនេះអភ័យឯកសិទ្ធិសភានឹងទទួលបានក្រោយពេលបានធ្វើសច្ចាប្រណិធានចូលកាន់តំណែង ឬ មុខងារ។

ចំណាំ៖ អត្ថបទនេះត្រូវបានសរសេរចប់ និងបានបោះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤


[1]សូមមើល លោក សាយ បូរី,​ “​លក្ខខណ្ឌ​​ទទួល​​អភ័យឯក​សិទ្ធិ​​ត្រូវ​ការ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​បក​ស្រាយ​”, គេហទំព័រថ្មីៗ, រ៉េន រតនៈ (អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ១៨ ខែកក្កដា ឆ្នាំ២០១៤)