កម្រងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា (ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០១៦)

កម្រងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា (ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០១៦)

ដោយ ផល ពិសាល, 01-11-2016, 11:54 AM , ប្រភេទ : កម្រងអត្ថបទគតិយុត្ត

ចងក្រងដោយ​ ថោ ករុណា និង លេខ យូគឹម

រដ្ឋធម្មនុញ្ញ គឺជាច្បាប់មួយប្រភេទដែលមានឋានៈខ្ពស់បំផុតនៅក្នុងឋានានុក្រមគតិយុត្តរបស់រដ្ឋនីមួយៗ នេះបើយោងទៅតាមទ្រឹស្តីរបស់លោក Hans Kelsen។​ តួយ៉ាង រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវ បានចាត់ទុកថាជាច្បាប់កំពូល​ ដែលបានចែងអំពីសិទ្ធិសេរីភាពជាមូលដ្ឋាន និងករណីយកិច្ចប្រជាពលរដ្ឋ ព្រមទាំងកំណត់អំពីជោគវាសនានៃស្ថាប័ននយោបាយជាតិទាំងមូល​ ក្នុងគោលបំណងតែមួយគត់ គឺតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ។

នៅក្នុងចក្ខុវិស័យនេះ បទដ្ឋានគតិយុត្តដទៃទៀត ដែលមានតម្លៃក្រោមរដ្ឋធម្មនុញ្ញ ត្រូវតែអនុលោមយ៉ាង ដាច់ខាតទៅនឹងច្បាប់កំពូលមួយនេះ ដើម្បីធានាឲ្យបាននូវសណ្ដាប់ធ្នាប់ សុខដុមនីយកម្ម និងសន្តិសុខគតិយុត្ត ក៏ដូចជាឯកសណ្ឋានភាព ឬសង្គតិភាពក្នុងការអនុវត្តច្បាប់នៅក្នុងប្រទេសមួយ ឲ្យសមប្រកបតែនឹង វឌ្ឍនភាពជាធ្លុងមួយ។

ទាញចេញពីហេតុផល និងទស្សនវិជ្ជាច្បាប់ ដូចដែលបានរៀបរាប់ខាងលើនេះ ក្រុមប្រឹក្សា (ឬ​តុលាការ)​ ធម្មនុញ្ញ ត្រូវបាននិម្មិតខ្លួនឡើងនៅក្នុងប្រព័ន្ធច្បាប់ធំៗ ក្នុងនាមជាស្ថាប័នជាតិជាន់ខ្ពស់ដែលមានធម្មានុរូប ក្នុង​ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់នានា ព្រមទាំងមានអំណាចក្នុងការបកស្រាយបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ នៅ ពេលមានភាពប្រទាំងប្រទើស។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័នកំពូលមួយនេះ ក៏មានសមត្ថកិច្ចក្នុងការដោះ- ស្រាយរាល់វិវាទទាក់ទងនឹងការ​បោះ​ឆ្នោត​​ផងដែរ​​ ហើយដែលរាល់សេចក្តីសម្រេចរបស់ខ្លួន ជាសេចក្តី សម្រេចបិទផ្លូវតវ៉ា។​ ជាក់ស្តែង ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ក្នុងក្របខ័ណ្ឌនៃបរិបទសង្គមខ្មែរ ហើយក៏ត្រូវបានអ្នកច្បាប់ប្រមើលមើលអំពីតួនាទី​​ និងគុណតម្លៃ ដូចគ្នានេះដែរ។

បើគិតមកដល់ពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានប្រារព្ធខួប១៨ឆ្នាំហើយ។​ ថ្វីត្បិតតែស្ថាប័នជាតិ កំពូលមួយនេះមានវ័យក្មេងបន្តិចក៏ពិតមែន ក៏ប៉ុន្តែយើងសង្កេតឃើញថា ស្ថាប័ននេះបានចូលរួមចំណែក យ៉ាងសកម្មក្នុងកិច្ចស្ថាបនា និងលើកស្ទួយដំណើរការនីតិរដ្ឋនៅកម្ពុជាដោយមិនអាចប្រកែកបាន។ ក្នុងន័យ នេះ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានដើរតួនាទីស្នូល៤សំខាន់ៗ៖​ ទីមួយ តួនាទីជានិយ័តករច្បាប់ (organe régulateur interne)​ ក្នុងការពិនិត្យធម្មនុញ្ញភាពជាអាទិកាល ​(a priori) នៃគ្រប់ច្បាប់រៀបចំអង្គការ និងពិនិត្យ ធម្មនុញ្ញភាពជាបច្ឆាកាល (a posteriori) នៃច្បាប់ដែលត្រូវបានប្រកាសឲ្យប្រើរួចហើយ ទីពីរ តួនាទីជា ចៅក្រមបកស្រាយបញ្ញត្តិរដ្ឋធម្មនុញ្ញ ទីបី តួនាទីជាចៅក្រមដោះស្រាយវិវាទស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា​ ទីបួន តួនាទីជាទីប្រឹក្សាច្បាប់ថ្វាយមតិដល់ព្រះមហាក្សត្រ។

ដោយឈ្វេងយល់អំពីគុណតម្លៃ និងឧត្តមប្រយោជន៍ទាំងអស់នេះហើយ យើងខ្ញុំ​បានធ្វើការល្បងចង ក្រងនូវរាល់​សេចក្តីសម្រេចរបស់ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​ ក្នុងរវាងចន្លោះឆ្នាំ២០០៣ ដល់ ឆ្នាំ២០១៦ គិតចាប់ពីថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០០៣ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែដោយឡែក​ ចំពោះ​​​​សេចក្តី​សម្រេច  ដែលបានប្រកាសមុនឆ្នាំ២០០៣ យើងខ្ញុំ មិន​បានលើកឡើងនោះទេ ដោយសារកង្វះប្រភព​​ឯកសារ។ គេគួរ បញ្ជាក់ផងដែរថា ស្នាដៃ​ចងក្រងនេះត្រូវបានធ្វើឡើង ដោយផ្អែកទាំងស្រុងលើ​គេហទំព័រផ្លូវ​ការរបស់​ក្រុម ប្រឹក្សាធម្មនុញ្ញ។ ប៉ុន្តែ ​វាអាចនឹងមានលក្ខណៈពិសេសត្រង់ថា យើង​បានបង្កភាពងាយស្រួលដល់អ្នកចង់ សិក្សាស្វែងយល់ និង​អ្នក​ស្រាវជ្រាវទាំងឡាយ ដោយបានរៀបចំ និងប្រមូលផ្ដុំសេចក្តី​សម្រេចទាំងនោះជា​ផ្នែកៗទៅតាមប្រភេទនៃគុណវឌ្ឍិនីមួយៗ។

ជាចុងក្រោយនេះ យើងខ្ញុំសង្ឃឹម​ និងជឿជាក់យ៉ាងមុតមាំថា ស្នាដៃដ៏តិចតួចស្ដួចស្តើងនេះ​អាចនឹងក្លាយ ជាគ្រឿងសម្រាប់ពញ្ញាក់ស្មារតី​​ ក៏ដូចជាយានដើម្បីពង្រឹកពុទ្ធិបន្ថែមដល់អ្នកសិក្សាទាំងឡាយទាំងពួង។