លោក ឆាក់ លឹមឈាង
លោក ឆាក់ លឹមឈាង
សមាជិកស្ថាបនិកសាលាត្រាជូ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសាលាត្រាជូ, បេក្ខបណ្ឌិតច្បាប់នៃវិទ្យាស្ថានច្បាប់ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅសាកលវិទ្យាល័យនីសសូហ្វ្យាអង់ទីប៉ូលីនៃសាធារណរដ្ឋបារាំង
ឯកទេសនីតិអន្តរជាតិសាធារណៈ
--------------- ៚---------------

លោក ឆាក់ លឹមឈាង បច្ចុប្បន្នជាបេក្ខបណ្ឌិតច្បាប់នៃវិទ្យាស្ថានច្បាប់ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅសាកលវិទ្យាល័យនីសសូហ្វ្យាអង់ទីប៉ូលីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យការសិក្សាថា្នក់អនុបណ្ឌិតពីស្ថាប័នខាងលើជំនាញ «នីតិអន្តរជាតិ និង អឺរ៉ុប » ហើយគម្រោងស្រាវជ្រាវ⁣និក្ខេបបទរបស់គាត់ផ្តោតលើ «យន្តការច្បាប់ក្នុងការអនុវត្តគោលការចរាចរណ៍ដោយសេរីនូវទំនិញ និងសេវាកម្មនៅក្នុងសហគមសេដ្ឋកិច្ច អាស៊ាន» ។ កន្លងមកថ្មីៗនេះ លោកបានទទួលអាហារូបករណ៍ដើម្បីបន្តកិច្ចការស្រាវជ្រាវរបស់គាត់ នៅវិទ្យាស្ថានសាលកវិទ្យាល័យអឺរ៉ុប (European University Institute) ក្នុងប្រទេសអ៊ីតាលី និងបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗក្នុងកម្មវិធីបណ្ឌិតសភាអភិបាលកិច្ចសកលរបស់វិទ្យាស្ថាននេះ។ លោកបានឆ្លងកាត់ការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតឆ្នាំទីមួយ នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្រោយកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យប៉ង់តេអុងអាសាសប៉ារីស៍២ សាកលវិទ្យាល័យនីស សាកលវិទ្យាល័យលុយមីញៀរលីយ៉ុង២ និង សាកលវិទ្យាល័យច្បាប់ហូជីមីញលើមុខជំនាញនីតិជំនួញអន្តរជាតិ ។ ក្រៅពីការសិក្សា លឹមឈាងធ្វើការជាអ្នកបកប្រែនិងសម្របសម្រួលតាមវេលាកាលក្នុងក្របខណ្ឌបណ្តុះបណ្តាលពលរដ្ឋវិជ្ជាដល់ជនអន្តោប្រវេសន៍កម្ពុជា ដើម្បីធ្វើសមារណកម្មក្នុងសង្គមបារាំងនៅតាមតំបន់ ម៉េឌីទែររ៉ាណេនៃសាធារណរដ្ឋបារាំង។ លោកក៏ធ្លាប់បម្រើការជាមន្រ្តីច្បាប់ក្នុងអង្គការមេធាវីគ្មានព្រំដែនប្រចាំនៅកម្ពុជា ក្នុងគម្រោងកិច្ចគាំពារជនរងគ្រោះនៅក្នុងដំណើរការជំនំុជម្រះក្តីរបស់អង្គជំនំុជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ វ ត ក) បន្ទាប់ពីបានបំពេញកម្មសិក្សារយៈពេលមួយឆ្នាំនៅក្នុង ការិយាល័យសហចៅក្រមស៊ើបង្កេត នៃ អ វ ត ក ក្របខណ្ឌបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ថ្នាក់ ភាសាបារាំង និងបរិញ្ញាបត្រច្បាប់ខ្មែររបស់គាត់ ។ ស្នាដៃ និងការស្រាវជ្រាវរួមមានរបាយការណ៍បញ្ចប់ ការសិក្សាថ្នាក់បរញ្ញាបត្រច្បាប់ស្តីអំពី «ការសងព្យសនកម្មដល់ជនរងគ្រោះនៅក្នុងដំណើរការក្តីរបស់ អង្គជំនំុជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា » និង សារណាបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ស្តីពី «ទិដ្ឋភាពគតិយុត្តនានារបស់ប្រទេសកម្ពុជាក្នុងនាមជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក» ។