សមាគមសាលាត្រាជូ បានផ្ដួចផ្ដើមរៀបចំកម្មវិធីថ្មី «Traju Legal Coffee» ដែលត្រូវបានចាប់ផ្តើមដាក់ដំណើរការលើកដំបូង នៅថ្ងៃព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹក នៅបណ្ណាល័យ អ.វ.ត.ក. (ក្បែរទីស្តីការគណៈរដ្ឋមន្រ្តី ) ។
កម្មវិធី«Traju Legal Coffee» នេះ ជាកម្មវិធីថ្មីរបស់សមាគម ទើបនឹងបង្កើតឡើងក្នុងគោលបំណងជជែកពិភាក្សាពាក់កណ្តាលផ្លូវការ ដោយផ្តល់ឱកាសអោយអ្នកចូលរួមទាំងអស់អាចជួបជុំបង្កើតមិត្តភាពថ្មី និងជំរុញការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញការ អ្នកជំនាញវិជ្ជាជីវៈច្បាប់ និងវិស័យពាក់ព័ន្ធ នៅតាមបណ្តាអង្គភាពរដ្ឋ/ឯកជន ដែលមានបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្ត។ តាមរយៈកម្មវិធីនេះ ការពិភាក្សា ត្រូវបានធ្វើឡើងដោយមានការពិសារកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ជៈផ្សេងៗ ដើម្បីលំហែ និងបន្ធូរអារម្មណ៍តានតឹង បែបបរិយាកាសថ្ងៃអាទិត្យផង និងជំរុញការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចូលរួមលើប្រធានបទជាក់លាក់ និងស៊ីជម្រៅផ្សេងៗ។
កម្មវិធី «Traju Legal Coffee» នេះ បានលើកយកការពិភាក្សាលើក្របខណ្ឌស្ដីពី «ច្បាប់វិនិយោគកម្ពុជា៖ កាលានុវត្តភាព និងបញ្ហាប្រឈម» ជាប្រធានបទលើកដំបូង មកពិភាក្សា និងចែករំលែកបទពិសោធពីសំណាក់អ្នកស្រាវជ្រាវ និងអ្នកប្រកបវិជ្ជាជីវៈពាក់ព័ន្ធ ដែលមានលក្ខណៈផុសផុល ប្រកបដោយថាមវន្ត រួមទាំងទទួលបាននូវធាតុចូលជាច្រើន។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសមាគមសាលាត្រាជូ អ្នកស្រាវជ្រាវ អ្នកជំនាញការ និងអ្នកប្រកបវិជ្ជាជីវៈ ចំនួន ១៧រូប រួមមាន៖ លោក ចក សម្បតិ្ដ, លោក ផល ពិសាល, លោកជំទាវ អ៊ឹង រីណា, លោកមេធាវី អ៊ីង សុភាល័ក្ខ, លោកបណ្ឌិត សរ សិនិរ៉ា, ឯកឧត្ដម អាន សុវឌ្ឍនា, លោកស្រី ផុន សុក្របញ្ញា, លោកមេធាវី កឹម វឌ្ឍនៈ, លោក រស់ សយម្ភូ,លោកស្រីមេធាវី តែ មុយគីម, លោកមេធាវី ឈិត វិនា, លោកមេធាវី សែម ស៊ីនរិន្ទ, លោកមេធាវី ដូលីន ផានីរាជ, កញ្ញា អ៊ឹម ច័ន្ទបូរមី, កញ្ញា ព្រុំ សាវតា, លោក អែម ចន្ធី និងលោកស្រី លី ប៊ុនលួង។
សូមបញ្ជាក់ថា៖ កិច្ចពិភាក្សានេះ ផ្ដោតសំខាន់ទៅលើ កាលានុវត្តភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ បានផ្ដល់ឱកាសឱ្យសមាជិក សមាជិកាទាំងអស់ពិភាក្សា និងចែករំលែកបទពិសោធទៅវិញទៅមកជាមួយវាគ្មិនកិត្ដិយស ដើម្បីចូលរួមចំណែកធ្វើយ៉ាងណាទាក់ទាញនូវវិនិយោគិនជាតិ និងអន្តរជាតិ តាមរយៈការជជែកវែកញែកលើទិដ្ឋភាពផ្សេងៗរួមមាន៖ គោលការណ៍សំខាន់ៗ និងការវិវឌ្ឍនៃច្បាប់វិនិយោគថ្មីនេះ, ការផ្តល់ជាធាតុចូលទាក់ទិននឹងយន្តការដោះស្រាយជម្លោះ, ភាពទាក់ទាញ និងការផ្តល់ការការពារ និងការអនុគ្រោះសម្រាប់វិនិយោគិន ក៏ដូចជាការពិភាក្សានៃទិសដៅ និងលទ្ធភាពនៃការប្រែប្រួលភូមិសាស្រ្ដនយោបាយអន្ដរជាតិមកលើស្ថានភាពវិនិយោគនៅកម្ពុជា។
កម្មវិធីខាងលើនេះ ទទួលបានការសហការរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ។ បន្ថែមពីនេះ កម្មវិធីខាងលើ ក៏ទទួលបានការឧបត្ថម្ភជាកាហ្វេ និងភេសជ្ជៈដោយឯកឧត្ដម អាន សុវឌ្ឍនា និងហាង TUBE Coffee (សាខា TUBE Rule) ដែលមានទីតាំងលើមហាវិថីព្រះមុនីវង្ស ទល់មុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចផងដែរ។
៚ កម្មវិធី « Traju Legal Coffee» នេះ គ្រោងនឹងរៀបចំឡើងរៀងរាល់ ១ខែ ម្ដង ដោយលើកយកប្រធានណាមួយកំពុងមានការចាប់អារម្មណ៍ ឬបច្ចុប្បន្នភាពថ្មី មកធ្វើការពិភាក្សាជាមួយអ្នកចូលរួម ដែលមានជំនាញច្បាស់លាស់។