លោក នឿម សុក្រវិច្ឆ័យ គឺជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាមន្រ្តីបច្ចេកទេសមួយរូប ផ្នែកប្រាក់ឈ្នួលអប្បបរមានៃក្រសួងនេះ។ លោកមានបទពិសោធន៍ និងចំណេះដឹងយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងនីតិការងារនៃព្រះរាជាណាចក្រកម្ពុជា។ កន្លងមក លោកធ្លាប់បានបម្រើការងារជាអ្នកប្រឹក្សាច្បាប់ប្រចាំក្រុមហ៊ុនផ្គត់ផ្គង់ធនធានមនុស្ស ដែលតាមរយៈនោះ លោកបានផ្តល់ប្រឹក្សាច្បាប់ដល់ក្រុមហ៊ុនឯកជនជាច្រើន អំពីភាពអនុឡោមតាមច្បាប់ និងតម្រូវការគតិយុត្តិផ្សេងៗ ដែលទាមទារដោយបទដ្ឋានគតិយុត្តិជាច្រើនទាក់ទងនឹងការប្រើប្រាស់ធនធានមនុស្ស។ បន្ថែមលើនេះ លោកក៏ធ្លាប់បានបំពេញកម្មសិក្សាការីជាជំនួយការផ្នែកច្បាប់នៅការិយាល័យចៅក្រមស៊ើបសួរនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបានបម្រើការងារជាជំនួយការស្រាវជ្រាវផ្នែកទីផ្សារឱ្យសាលាបណ្តុះបណ្តាលវិទ្យាសាស្រ្តកុំព្យូទ័រនៃសាធារណរដ្ឋកូរ៉េផងដែរ។ លោក នឿម សុក្រវិច្ឆ័យ ក៏មានបទពិសោធន៍ជាអ្នកសិក្សាស្រាវជ្រាវផ្នែកច្បាប់ ផ្នែកសេដ្ឋកិច្ច និងផ្នែកគោលនយោបាយផងដែរ។ ក្រៅពីបទពិសោធន៍ការងារ លោកក៏ជាសមាជិកស្ថាបនិក និងជាអនុប្រធានសមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយលោកបានរៀបចំបង្កើត និងដាក់ឱ្យដំណើរការសមាគមនេះចាប់ពីឆ្នាំ២០១១។ លោក នឿម សុក្រវិច្ឆ័យ ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកច្បាប់ចំនួនពីរ គឺពីសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា និងពីសាកលវិទ្យាល័យលីយ៉ុង២នៃប្រទេសបារាំង។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យកូរ៉េនៃសាធារណរដ្ឋកូរ៉េ។