លោកមេធាវី លី ច័ន្ទតុលា ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនមេធាវី S.V.P និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិជំនួញនៃសាកលវិទ្យាល័យ ហ្សង់ មូលឡាំង លីយ៉ុង ៣ ប្រទេសបារាំង នៅឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន លោកជាសាស្រ្តាចារ្យច្បាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច រួមទាំងនៅសាកលវិទ្យាល័យធំៗដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីការបង្រៀននៅតាមបណ្តាសាកលវិទ្យាល័យ លោកក៏បានចូលរួមបណ្តុះបណ្តាលគ្រូបង្គោល វាគ្មិននៅតាមបណ្តាវេទិកានានាជាច្រើន។ នៅខែវិច្ឆិកា ឆ្នាំ២០0៦ លោកបានក្លាយជាក្រឡាបញ្ជីសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅអង្គជំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងនៅខែកុម្ភៈ ឆ្នាំ២០០៩ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាបន្តបន្ទាប់លោកបានក្លាយជាអ្នករៀបរៀងសេចក្តីព្រាងច្បាប់ អ្នកប្រឹក្សាច្បាប់ និងជាវាគ្មិនកិត្តិយសតាមរយៈវេទិកានានា តាមបណ្តាគម្រោងជាតិ អន្តរជាតិ ធំៗ និងតាមក្រសួង-ស្ថាប័ន រដ្ឋ និងឯកជនជាច្រើន ក្នុងនោះរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អង្គការអ្នកប្រើប្រាស់អន្តរជាតិ (Consumer International) អង្គការពលកម្មអន្តរជាតិ (ILO) សន្និសីទអង្គការសហប្រជាជាតិលើជំនួញ និងការអភិវឌ្ឍ (UNCTAD)។ ក្រៅពីសមិទ្ធផលការងារដ៏ច្រើន លោកមេធាវី លី ច័ន្ទតុលា ក៏ជាស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់ការងារអាស៊ី និងធ្លាប់ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៧ (២០១២-២០១៥) ផងដែរ។