--------------- ៚---------------
ជាស្ថាបនិក និងប្រធានសមាគមសាលាត្រាជូ លោក ទី ហ្សានិត បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញបត្រនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពីសាកលវិទ្យាល័យលុយមីញ៉ែរ លីយ៉ុង ២ ក្នុងឆ្នាំ២០១០។ គាត់ចាប់ផ្តើមការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិអន្តរជាតិ នៅសាកលវិទ្យាល័យលីយ៉ុង ៣ (Jean Moulin Lyon 3) ក្នុងឆ្នាំសិក្សា២០១១ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិអន្តរជាតិសាធារណៈក្នុងឆ្នាំ២០១២ ពីសាកលវិទ្យាល័យ ប៉ារីស ២ ប៉ងតេអុង អាសាស់ (Panthéon Assas Paris II) ដោយបានសរសេរនិក្ខេបបទបញ្ចប់ការសិក្សាលើប្រធានបទ "វិភាគទានក្នុងការស្វែងរកកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ របស់អ្នកវិនិយោគបរទេស"។ ជាអតីតកម្មសិក្សាការីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតក្នុងឆ្នាំ ២០០៩-២០១០ និងធ្លាប់ចូលរួមក្នុងវគ្គសិក្សានៃបណ្ឌិត្យសភាច្បាប់អន្តរជាតិទីក្រុងឡាអេ ក្នុងរដូវក្តៅឆ្នាំ២០១១ បន្ទាប់ពីបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១២ លោក ទី ហ្សានិត បានចូលស្ម័គ្រចិត្តជាមន្រ្តីលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ រៀងមក និងបានបំពេញភារកិច្ចជាគ្រូឧទ្ទេសផ្នែកនីតិអន្តរជាតិ នៅសាកលវិទ្យាល័យរដ្ឋ និងឯកជនចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ហើយក្នុងខែវិចិ្ឆកា ឆ្នាំ២០១៤ គាត់ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាសារការីនៃមន្ទីរសារការីសេដ្ឋាវិទូនៃព្រះរាជាណាចក្រកម្ពុជា។