p

អត្ថបទ៖ បទល្មើសជាក់ស្តែងក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា

ដោយ ចក សម្បត្តិ, 29-09-2016, 10:21 AM , ប្រភេទ : អត្ថបទថ្មី

បទល្មើសជាក់ស្តែងមានអត្ថិភាពក្នុងសង្គមកម្ពុជាតាំងពីឆ្នាំ១៩៤៧ ជាពេលដែលកម្ពុជាបានស្គាល់នូវរដ្ឋធម្មនុញ្ញបែបសម័យទំនើបដំបូង។ ប៉ុន្តែ បច្ចុប្បន្នច្បាប់កម្ពុជាមិនចែងអំពីនិយមន័យនៃពាក្យថាអ្វីទៅបទល្មើសជាក់ស្តែងនោះទេ។ ក៏ប៉ុន្តែបែរជាបញ្ញត្តិកំណត់យកស្ថានភាពមួយចំនួនថាជាបទល្មើសជាក់ស្តែង បើទោះបីជាចំណងជើងនៃមាត្រា ៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាឆ្នាំ ២០០៧ ដែលកំពុងជាធរមានបានកំណត់អំពីនិយមន័យនៃបទឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្តែង។បើយោងតាមសន្ទានុក្រមបារាំងខ្មែរនៃពាក្យច្បាប់ បទល្មើសជាក់ស្តែងត្រូវបានផ្តល់និយមន័យថាគឺជាបទឧក្រិដ្ឋ ឬមធ្យមដែលកំពុងតែប្រព្រឹត្ត ឬដែលប្រព្រឹត្តរួចភ្លាមៗ។ដោយឡែក វចនានុក្រមគតិយុត្តបារាំង Gérald Cornuឆ្នាំ២០០៧ បានផ្តល់និយមន័យនៃបទល្មើសជាក់ស្តែងថា គឺជាបទល្មើសដែលត្រូវបានពិនិត្យឃើញនៅពេលកំពុងប្រព្រឹត្ត ឬភ្លាមៗ ក្រោយពេលប្រព្រឹត្ត (ករណីជនម្នាក់ត្រូវបានគេចាប់បានភ្លាមៗ ពេលកើតហេតុ ឬករណីបង្ហាញអំពីរយៈពេលមួយខ្លីរវាង អំពើជាតម្រុយជាមួយនឹងបទល្មើស) ដែលស្ថានភាពនេះត្រូវបានចាត់ទុកថា ជាបទល្មើសជាក់ស្តែង នឹងនាំឲ្យមានការកើនឡើងនូវអំណាចរបស់មន្រ្តីនគរបាលយុត្តិធម៌ និងក្នុងករណីខ្លះអនុញ្ញាតឲ្យមានការធ្វើបណ្តឹងលឿនរហ័សទៅសាលាមជ្ឈិម។