p

ព័ត៌មាន៖ សក្ខីភាពពីក្រុមអ្នកការងារស្ម័គ្រចិត្កចំពោះសកម្មភាពនៃសមាគមសាលាត្រាជូ

ដោយ Sala Traju Admin, 11-10-2016, 11:00 AM , ប្រភេទ : ព័ត៌មានថ្មី

ប្រិយមិត្តទាំងអស់ប្រហែលជាធ្លាប់បានឮ និងស្គាល់អំពីសាលាត្រាជូតាមរយៈការចែករំលែក ព័ត៌មាន នៅក្នុងទំព័រហ្វេសប៊ុក ឬគេហទំព័រផ្លូវការរបស់សមាគមទាក់ទងនឹងអត្ថបទស្រាវជ្រាវច្បាប់ ព្រមទាំងវគ្គសិក្សាខ្លីស្ដីពីវិធីសាស្រ្តគតិយុត្តិ។ ប៉ុន្តែ អស់លោកអ្នកមួយចំនួន ប្រហែលជានៅមិនទាន់បានជ្រាបឲ្យបានច្បាស់នៅឡើយទេ អំពីសកម្មភាព បេសកកម្មជាក់ស្ដែង និងសមិទ្ធផលដែលសម្រេចបាននៃសមាគមច្បាប់មួយនេះ។ នៅក្នុងឱកាសនេះ សាលាត្រាជូសូមអនុញ្ញាតធ្វើការបង្ហាញសក្ខីភាពពីសំណាក់ក្រុមអ្នកការងារស្ម័គ្រចិត្តចំពោះសកម្មភាពនៃសមាគមនេះ។

១. លោក ហ៊ាង ឈុនហេង

"ខ្ញុំបាទឈ្មោះ ហ៊ាង ឈុនហេង សព្វថ្ងៃជានិស្សិតឆ្នាំទី ៤ ផ្នែកនីតិសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយបច្ចុប្បន្នជាអ្នកស័្មគ្រចិត្តនៅសាលាត្រាជូ។ 

ជាចំណាប់អារម្មណ៍ ខ្ញុំយល់ឃើញថា​សាលាត្រាជូ សម្បូរទៅដោយអ្នកដែលមានបទពិសោធន៍ ដែលបានទទួលការអប់រំពីក្នុងស្រុក និងក្រៅស្រុក។ សាលាត្រាជូពិតជាបានជួយជ្រោមជ្រែងនិស្សិតឲ្យទទួលបាននូវឯកសារពាក់ព័ន្ធ និងបញ្ហាច្បាប់ជាច្រើនតាមរយៈការបណ្ដុះបណ្ដាលដោយផ្ទាល់ និង តាមរយៈការផុសនៅលើទំព័រហ្វេសប៊ុក និង blogspot ។​ កាយវិការដ៏ល្អនេះសបញ្ជាក់ឲ្យឃើញថាសាលាត្រាជូ ពិតជាបានជួយជំរុញវិស័យនីតិសាស្រ្តនៅកម្ពុជាមួយផ្នែកផងដែរ"។

" ... សាលាត្រាជូ ពិតជាបានជួយជំរុញវិស័យនីតិសាស្ត្រនៅកម្ពុជាមួយផ្នែកផងដែរ "

២. កញ្ញា ពិច ចរិយា

"នាងខ្ញុំឈ្មោះ ពិច ចរិយា បច្ចុប្បន្នជានិស្សិតឆ្នាំទី៤​ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសព្វថ្ងៃជាអ្នកស្ម័គ្រចិត្តនៅសាលាត្រាជូ។ ចំពោះការស្ម័គ្រចិត្តនៅទីនេះ នាងខ្ញុំទទួលបានបទពិសោធន៍ជាច្រើនដូចជា ទទួលបានចំណេះដឹងបន្ថែមផ្នែកច្បាប់ ជាពិសេស ផ្នែករដ្ឋប្បវេណី និង ព្រហ្មទណ្ឌ មិនតែប៉ុណ្ណោះ នៅទីនេះក៏ដូចជាបណ្ណាល័យច្បាប់មួយសម្រាប់ឲ្យខ្ញុំសិក្សា ស្រាវជ្រាវផ្នែកច្បាប់បន្ថែមទៀតក្រៅពីសាលា។ លើសពីនេះទៅទៀត នៅទីនេះក៏មាន បងៗ ដែលពោរពេញទៅដោយសមត្ថភាព និងចំណេះដឹងផ្នែកច្បាប់ជាច្រើនរូប។ ពួកគាត់បានជួយណែនាំ ក៏ដូចជាអាចឆ្លើយតបចម្ងល់ផ្នែកច្បាប់ផ្សេងៗដែលខ្ញុំមិនយល់ ព្រមទាំងបានពន្យល់ និងបកស្រាយឲ្យខ្ញុំកាន់តែយល់ច្បាស់ទៅលើទិដ្ឋភាពច្បាប់ទាំងនោះ។ ម្យ៉ាងវិញទៀត ការហ្វឹកហាត់ការងារនៅទីនេះបានបង្រៀនឲ្យខ្ញុំយល់កាន់តែច្បាស់ពីទម្រង់ក្នុងការធ្វើការងារ ការទំនាក់ទំនង និងការចេះសហការគ្នាក្នុងការធ្វើការ។ អរគុណ សាលាត្រាជូ!"

"...នៅទីនេះក៏មាន បងៗដែលពោរពេញទៅដោយសមត្ថភាព និងចំណេះដឹងផ្នែកច្បាប់ជាច្រើនរូប។ ពួកគាត់បានជួយណែនាំ ក៏ដូចជាអាចឆ្លើយតបចម្ងល់ផ្នែកច្បាប់ផ្សេងៗដែលខ្ញុំមិនយល់ ព្រមទាំងបានពន្យល់ និងបកស្រាយឲ្យខ្ញុំកាន់តែយល់ច្បាស់ទៅលើទិដ្ឋភាពច្បាប់ទាំងនោះ "

៣. កញ្ញា លាង ម៉ាលីស

" នាងខ្ញុំឈ្មោះ លាង ម៉ាលីស បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសព្វថ្ងៃជាអ្នកស្ម័គ្រចិត្តនៅសាលាត្រាជូ។ ក្នុងការមកស្ម័គ្រចិត្តនៅសមាគមសាលាត្រាជូ នាងខ្ញុំពិតជាទទួលបានបទពិសោធន៍ល្អៗជាច្រើន ព្រោះខ្ញុំបានទទួលចំណេះដឹងច្រើនផ្នែកច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី និងច្បាប់ផ្សេងៗទៀត។ ហើយមួយវិញទៀត ខ្ញុំបានយល់ច្រើនអំពីផ្នែកនីមួយៗនៃច្បាប់ទាំងនោះ នៅពេលដែលបងៗអញ្ជើញមកធ្វើបទបង្ហាញ។ ក្រៅពីការយល់ដឹងផ្នែកច្បាប់ ខ្ញុំបានយល់ និងដឹងច្រើនអំពីការងារផ្នែករដ្ឋបាល។ សម្រាប់ខ្ញុំ ខ្ញុំយល់ថាសមាគមសាលាត្រាជូពិតជាកន្លែង និងបណ្ដាញដ៏ល្អក្នុងការជួយផ្សព្វផ្សាយច្បាប់ និងចែករំលែកចំណេះដឹងផ្នែកច្បាប់ដើម្បីឲ្យសិស្ស និស្សិតស្វែងយល់បានច្រើន។ អរគុណ សាលាត្រាជូ! "

"... ខ្ញុំបានយល់ច្រើនអំពីផ្នែកនីមួយៗនៃច្បាប់ទាំងនោះ នៅពេលដែលបងៗអញ្ជើញមកធ្វើបទបង្ហាញ។ ក្រៅពីការយល់ដឹងផ្នែកច្បាប់ ខ្ញុំបានយល់ និងដឹងច្រើនអំពីការងារផ្នែករដ្ឋបាល "

៤. លោក ផែ ចេងសេង

 "ខ្ញុំបាទឈ្មោះ ផែ ចេងសេង ជាសមាជិកអ្នកស្ម័គ្រចិត្តនៅសមាគមសាលាត្រាជូ សព្វថ្ងៃជានិស្សិតបរិញ្ញាប័ត្រផ្នែកនីតិសាស្រ្តសិក្សាជាភាសាអង់គ្លេសឆ្នាំទី៤(ELBBL) និងបរិញ្ញាប័ត្រនីតិសាស្រ្តឆ្នាំទី៣ (កម្មវិធីសិក្សាជាភាសាខ្មែរ) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ខ្ញំុយល់ថា សមាគមសាលាត្រាជូ គឺជាស្ថាប័នសម្រាប់ធ្វើកម្មសិក្សាដ៏ល្អមួយ ចំពោះនិសិ្សតច្បាប់ទាំង​ឡាយគ្រប់មជ្ឈដ្ឋាន ព្រោះសមាគមសាលាត្រាជូតែងតែជំរុញការផ្សព្វផ្សាយស្នាដៃផ្នែកច្បាប់របស់សមាជិក រៀបចំព្រឹត្តិការណ៍ផ្សេងៗសម្រាប់ការបណ្តុះបណ្តាលផ្នែកច្បាប់ និងជំនាញមានប្រយោជន៍ច្បាប់ និងធ្វើសកម្មភាពស្របច្បាប់ផ្សេងៗដែលបម្រើឲ្យការសិក្សាអប់រំផ្នែកច្បាប់។ សមាគមសាលាត្រាជូ គឺជាកន្លែងដែលមានសមត្ថភាព និងគោលបំណងចង់អភិវឌ្ឍ ឬសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ដោយមានការស្រាវជ្រាវផ្នែកច្បាប់ និងផ្នែកពាក់ព័ន្ធបែបលក្ខណៈវិទ្យាសាស្រ្ត ក្នុងការកសាងនីតិរដ្ឋនៅកម្ពុជា ព្រោះសមាគមមានធនធានមនុស្សគ្រប់គ្រាន់ដែលមានមកពីមជ្ឈដ្ឋានផ្សេងៗ ដូចជា សារការី ចៅក្រម ព្រះរាជអាជ្ញា មេធាវី គ្រូបង្រៀនផ្នែកច្បាប់ អ្នកប្រឹក្សាផ្នែកច្បាប់ជាដើម ដែលពួកគាត់មានជំនាញលើវិស័យផ្សេងៗដូចជា ​នីតិសមុទ្រ នីតិអន្តរជាតិសាធារណៈ នីតិព្រហ្មទណ្ឌ នីតិរដ្ឋប្បវេណី នីតិការងារ នីតិរដ្ឋបាលសាធារណៈ នីតិភូមិបាល និងនីតិពាណិជ្ជកម្ម ជាដើម "។

"... សមាគមមានធនធានមនុស្សគ្រប់គ្រាន់ដែលមានមកពីមជ្ឈដ្ឋានផ្សេងៗដូចជា សារការី ចៅក្រម ព្រះរាជអាជ្ញា មេធាវី គ្រូបង្រៀនផ្នែកច្បាប់ អ្នកប្រឹក្សាផ្នែកច្បាប់ ជាដើម ដែលពួកគាត់មានជំនាញលើវិស័យផ្សេងៗដូចជា ​នីតិសមុទ្រ នីតិអន្តរជាតិសាធារណៈ នីតិព្រហ្មទណ្ឌ នីតិរដ្ឋប្បវេណី នីតិការងារ នីតិរដ្ឋបាលសាធារណៈ នីតិភូមិបាល និងនីតិពាណិជ្ជកម្មជាដើម " 

៥. លោក គង់ ធុន

"ខ្ញុំបាទឈ្មោះ លោក គង់ ធុន សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។ តាមគំនិតរបស់ខ្ញុំ សមាគមសាលាគំនិតត្រាជូ គឺជាស្ថាប័នមួយដែលបណ្តុំទៅដោយបញ្ញវ័ន្តផ្នែកច្បាប់ទាំងច្បាប់ជាតិ និងអន្តរជាតិដែលបានទៅសិក្សាពីបណ្តាប្រទេសមួយចំនួនដូចជា បារាំង អាមេរិក កាណាដា អូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនទៀត។ ត្រាជូ តែងតែជំរុញលើកទឹកចិត្តឲ្យសិស្សនិស្សិតខិតខំសិក្សាស្រាជ្រាវ ដើម្បីទទួលបានពុទ្ធិយ៉ាងពិតប្រាកដសម្រាប់ជាកម្លាំងចលករលើកកម្ពស់ការអនុវត្តវិស័យច្បាប់នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអាចឈានទៅរកប្រទេសនីតិរដ្ឋ។ ត្រាជូតែងធ្វើការបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តទៅលើប្រធានបទផ្សេងៗ ដែលទាក់ទងនៅនឹងច្បាប់ជាតិ ទាំងនីតិសាធារណៈ និងនីតិឯកជន បន្ថែមពី លើនោះទៀតត្រាជូក៏មានបណ្តុះបណ្តាលទៅលើប្រធានបទដែលទាក់ទងនឹងច្បាប់អន្តរជាតិផងដែរ "។

"ត្រាជូ តែងតែជំរុញលើកទឹកចិត្តឲ្យសិស្សនិស្សិតខិតខំសិក្សាស្រាជ្រាវ ដើម្បីទទួលបានពុទ្ធិយ៉ាងពិតប្រាកដសម្រាប់ជាកម្លាំងចលករលើកកម្ពស់ការអនុវត្តវិស័យច្បាប់នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអាចឈានទៅរកប្រទេសនីតិរដ្ឋ។ "

ក្រុមអ្នកការងារស្ម័គ្រចិត្ត

សកម្មភាពនៃការធ្វើបទបង្ហាញ

សកម្មភាពក្រុមអ្នកការងារស្ម័គ្រចិត្តនៅទីស្នាក់ការសាលាត្រាជូ

វគ្គសិក្សាខ្លីស្តីពីវិធីសាស្រ្តគតិយុត្តិ

សមាជិកក្រុមត្រាជូក្នុងកម្មវិធីបណ្តុះបណ្តាលរៀបចំដោយមេធាវីរបស់ក្រុមអ្នកការពារគ្មានព្រំដែននៃប្រទេសបារាំង (សូម ចុចនៅទីនេះ)

រហូតមកដល់ថ្ងៃនេះសាលាត្រាជូបានចេញផ្សាយស្នាដៃរបស់សមាជិក សមាជិកា ចំនួន៤១ អត្ថបទ និងបោះពុម្ភជាសៀវភៅសិក្សានីតិសាស្រ្តបានចំនួន៤ក្បាល