p

ព័ត៌មាន៖ វត្តមាននៃសាស្ត្រាចារ្យបណ្ឌិត មាស បូរ៉ា ក្នុងឋានៈជាក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ‬

ដោយ Sala Traju Admin, 29-09-2016, 10:47 AM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ​ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យបណ្ឌិត មាស បូរ៉ា មន្រ្តីច្បាប់នៃការិយាល័យសហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម) និងមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់កិត្តិយសដល់សមាគមសាលាត្រាជូក្នុងការអញ្ជើញមកធ្វើជាសមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់សមាគមយើងខ្ញុំ។

សូមបញ្ជាក់ថា៖ ក្រុមប្រឹក្សាវិទ្យាសាស្ត្រមានតួនាទី និងភារកិច្ចសំខាន់ណាស់ក្នុងការផ្តល់យោបល់នានាក្នុងគោលដៅជំរុញការងារស្រាវជ្រាវរបស់សាលាត្រាជូឲ្យមានការរីកចម្រើនជាភិយ្យោភាព។ នៅក្នុងន័យនេះ ក្រុមប្រឹក្សាវិទ្យាសាស្ត្រផ្តល់ជាអនុសាសន៍ដើម្បីតម្រង់ទិសលើគោលនយោបាយ និងកម្មវិធីស្រាវជ្រាវនានារបស់ត្រាជូ ព្រមទាំងត្រួតពិនិត្យលក្ខណៈវិទ្យាសាស្ត្រ និងធានាសង្គតិភាពនៃស្នាដៃស្រាវជ្រាវ។ 

--------------- ៚---------------

លោកសាស្ត្រាចារ្យបណ្ឌិត មាស បូរ៉ា

លោក មាស បូរ៉ា កើតនៅឆ្នាំ១៩៧៣ នៅក្នុងខេត្តព្រៃវែង។ លោកបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ ១៩៩៨ ពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានបន្តការសិក្សានៅឯសាកលវិទ្យាល័យ Nagoya នៅប្រទេសជប៉ុនអស់រយៈពេល៦​​ឆ្នាំ ដែលលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ លោកមានជំនាញខាងផ្នែកច្បាប់អន្តរជាតិ (សិទ្ធិមនុស្ស)។ 

លោកបណ្ឌិត បូរ៉ា គឺជាមន្ត្រីនៅអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា និងជាមេធាវីនៃគណៈមេធាវីកម្ពុជា។ ក្រៅពីការបង្រៀននៅសាកលវិទ្យាល័យមួយចំនួន លោកក៏ជាសាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិ​នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាតាំងពីឆ្នាំ ២០០៦។ 

លើសពីនេះលោកបានចូលរួមសិក្ខាសាលា និងសន្និសីទស្ដីពីផ្នែកច្បាប់ជាច្រើន។ ជាក់ស្ដែង លោកបានចូលរូមវគ្គបណ្ដុះបណ្ដាលច្បាប់អន្តរជាតិសាធារណៈនៅទីក្រុងឡាអេនៃប្រទេសហូឡង់ នៅក្នុងក្របខ័ណ្ឌនៃអាហារូបករណ៍អង្គការសហប្រជាជាតិដែលមានឈ្មោះថា "United Nations International Law Fellowship"។ 

ការស្រាវជ្រាវរបស់លោកបណ្ឌិត បូរ៉ា គឺផ្ដោតជាសំខាន់ទាក់ទងនឹងផ្នែកសិទ្ធិមនុស្ស យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ច្បាប់ព្រហ្មទណ្ឌជាតិ និងច្បាប់អន្តរជាតិសាធារណៈ។​ ទន្ទឹមនឹងនោះ លោកបានសរសេរអត្ថបទ និងសៀវភៅសិក្សានីតិសាស្ត្រជាច្រើន ដែលបានបោះពុម្ពផ្សាយទាំងក្នុង និងក្រៅប្រទេស។ សៀវភៅដែលជាស្នាដៃសំខាន់របស់លោកគឺ "នីតិអន្តរជាតិសាធារណៈ" ដែលបោះពុម្ពផ្សាយនៅឆ្នាំ ២០១៥។