មួយពព្រិចភ្នែកសោះ ព្រឹត្តិបត្តិអេឡិចត្រូនិចស្តីពីបច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍នៃសមាគមសាលាត្រាជូ (ហៅកាត់ជាភាសាអង់គ្លេសថា Traju Legal Update) បានឈានមកដល់លេខទី៣០ ហើយ។ ពោលគឺ ៣០ លេខនៃភាពអស្ចារ្យ ៣០សប្តាហ៍នៃកិច្ចខិតខំប្រឹងប្រែង ប្រកបដោយក្ដីអំណត់អត់ធន់ និងក្តីស្រឡាញ់របស់ត្រាជូចំពោះប្រិយមិត្តអ្នកគាំទ្រ ក៏ដូចជាចំពោះវិស័យច្បាប់នៅកម្ពុជាទាំងមូល។ ជំនួសមុខឲ្យក្រមការងារ ខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួមអបអរសាទរចំពោះក្រុមការងារ ដែលសម្រេចបានដោយជោគជ័យនូវសមិទ្ធផលមួយនេះ ដើម្បីផ្សព្វផ្សាយទុកជាទុនក្នុងការសិក្សាស្រាវជ្រាវច្បាប់នៅកម្ពុជាឲ្យបានទូលំទូលាយ និងព្រមទាំងបានចូលរួមក្នុងការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជាបានមួយកម្រិត តាមរយៈការជំរុញការយល់ដឹងច្បាប់ ក៏ដូចជាការអនុវត្តច្បាប់ផងដែរ។ ទន្ទឹមនឹងនេះ ក្រុមការងារ ក៏សូមអរគុណដល់សាធារណជនទូទៅ ក៏ដូចជាសង្គមអ្នកច្បាប់ទាំងអស់ ដែលតែងតែគាំទ្រ និងផ្តល់កំលាំងចិត្ត ដល់កិច្ចដំណើរការនៃព្រឹត្តិបត្រមួយនេះ។
៣០ លេខនៃភាពអស្ចារ្យ ៣០សប្តាហ៍នៃកិច្ចខិតខំប្រឹងប្រែង ប្រកបដោយក្ដីអំណត់អត់ធន់ និងក្តីស្រឡាញ់របស់ត្រាជូចំពោះប្រិយមិត្តអ្នកគាំទ្រ ក៏ដូចជាចំពោះវិស័យច្បាប់នៅកម្ពុជាទាំងមូល។
សប្តាហ៍នេះ ការវិវត្ត និងការអភិវឌ្ឍនៃសង្គមកម្ពុជា ត្រូវបានស្ដែងឡើងតាមរយៈ ទី១ សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងចន្លោះឆ្នាំ២០១២-២០១៦ ទី២ ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការប្រមូលពន្ធ និងការលើកកម្ពស់បច្ចេកទេសឧស្សាហកម្ម ទី៣ ការជំរុញកំណើនសេដ្ឋកិច្ចដោយចីរភាព (សេដ្ឋកិច្ចបៃតង) ទី៤ ការពង្រឹង និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងទី៥ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ។
នៅក្នុងក្របខណ្ឌនៃការវិវត្ត និងភាពរីកចម្រើនទៅមុខរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់ក្រសួង-ស្ថាប័ន ដែលជាសេនាធិការ និងជាប្រតិបត្តិករផ្ទាល់ នៅតែបន្តធ្វើសកម្មភាពក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃ។ ជាតឹកតាង របាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១២-២០១៦ ចេញផ្សាយនៅខែមេសា ឆ្នាំ២០១៧នេះ បានធ្វើការកត់សំគាល់នូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងអំឡុងពេល ៤ ឆ្នាំនេះ។ សមិទ្ធផលដែលត្រូវបានទទួលស្គាល់ និងគួរឲ្យវាយតម្លៃខ្ពស់ ដែលនៅក្នុងនោះរួមមាន៖ (ក) ភាពជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយទាំងមូល ដែលរាប់បញ្ចូលទាំងសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកាតាលីករជំរុញឲ្យមានកត្តាអនុគ្រោះនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ព្រមទាំងបណ្តាលឲ្យមានភាពលឿនរហ័ស ក្នុងធ្វើសមាហរណកម្មកម្ពុជានៅក្នុងតំបន់ និងក្នុងពិភពលោក (ខ) អភិបាលកិច្ចល្អ (គ) ការលើកស្ទួយវិស័យកសិកម្ម (ឃ) ការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ង) ការអភិវឌ្ឍវិស័យឯកជន និងការងារ (ច) ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។
ជាមួយនឹងសមិទ្ធផលដូចដែលបានរៀបរាប់ខាងលើនេះ រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការរឹតបន្តឹងការប្រមូលពន្ធដែលជាប្រភពថវិការដ្ឋមួយដ៏សំខាន់។ ជាក់ស្ដែង នៅក្នុងក្របខណ្ឌនេះ គេឃើញមានប្រកាសចំនួនបី ដែលមានដូចជា៖ ប្រកាស លេខ ៥០៧ សហវ.ប្រក ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧, ប្រកាសស្តីពីការណែនាំអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភដែលចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៧ និងប្រកាសលេខ ៥៥៧ សហវ.ប្រក ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ ប្រកាសទាំងបីនេះមាន គោលបំណង ទី១ កំណត់បែបបទ និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រារបស់រដ្ឋបាលសារពើពន្ធ ទី២ ណែនាំអនុវត្តពន្ធកាត់ទុកលើការបែងចែកភាគលាភ ដូចមានចែងក្នុងមាត្រា ២៦ថ្មី (មួយ) និងមាត្រា ៣៣ ថ្មី នៃច្បាប់ស្តីសារពើពន្ធ និងទី៣ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
បន្ថែមពីលើនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានចេញប្រកាសលេខ១៥២ MIH/២០១៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងលក្ខណៈបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្មលើឧបករណ៍គ្រឿងចក្រ គ្រឿងម៉ាស៊ីនដែលមានហានិភ័យ។ ប្រកាសនេះមាន ៥ជំពូក និង១៧ប្រការ ហើយបង្កើតឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងលក្ខណៈបច្ចេកទេស និងការងារសុវត្ថិភាពឧស្សាហកម្ម ព្រមទាំងបង្កើតវិធានក្នុងការត្រួតពិនិត្យ ឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីន កិច្ចដំណើរការនៃខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ និងសិប្បកម្ម កំណត់កាតព្វកិច្ចរបស់ម្ចាស់ ឬ អ្នកគ្រប់គ្រងរោងចក្រ-សិប្បកម្ម អ្នកដំឡើង អ្នកបញ្ជា ក្នុងការទទួលខុសត្រូវលើសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍ គ្រឿងចក្រ និងគ្រឿងម៉ាស៊ីន។
បន្ថែមពីលើការយកចិត្តទុកដាក់លើវិស័យពន្ធដារ និងឧស្សាហកម្ម រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ផងដែរលើការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគលើវិស័យបរិស្ថាន។ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ក្រសួងបរិស្ថានបានចេញសេចក្តីព្រាងនូវគោលការណ៍ស្តីពី «ការកំណត់ និងបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ» ដោយអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ។ ការរៀបចំបង្កើតនូវគោលការណ៍ណែនាំនេះ គឺដើម្បីឱ្យគ្រប់ភាគីទាំងអស់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការកំណត់ និងបែងចែកតំបន់គ្រប់គ្រងទាំងបួន ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារ និងការអភិរក្សជីវៈចម្រុះ។ សេចក្តីព្រាងនេះ មានចក្ខុវិស័យចូលរួមចំណែកទៅដល់ការអភិរក្សជីវៈចម្រុះធ្វើឲ្យប្រសើរឡើងនៅជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន កាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការកំណត់ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍នៅក្នុងតំបន់ការពារធម្មជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានផងដែរ។
ដោយសារតែអំឡុងពេលនេះ គឺជាពេលដ៏សំខាន់របស់ប្រទេសកម្ពុជាដោយមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញនូវ សេចក្តីណែនាំរួម ចុះថ្ងែទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការពង្រឹងវិស័យ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំង កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ស្ថាប័នទាំងពីរបានចេញនូវសេចក្តីណែនាំរួមដែលមានពីរចំណុចធំៗ៖ (ក) ការពង្រីងវិន័យរបស់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដើម្បីរក្សាសន្ដិសុខ សន្ដិភាព និងស្ថិរភាពសង្គម (ខ) ការពង្រីងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោតដើម្បីផ្ដល់សន្ដិសុខ សុវត្ថិភាព។ បន្ថែមពីលើនេះផងដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ដែលបានបញ្ជាក់ថា វាជាការបោះឆ្នោតលើកទី ០៤ រួចមកហើយនៃការជ្រើសរើសរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដោយមានការចូលរួមជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្រោមការត្រួតពិនិត្យ និងសម្របសម្រួលនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប)។ ជាងនេះទៅទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញស្ថានបេសកកម្មការទូត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ហើយក្នុងនោះក៏មានសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ដើម្បីបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រកបដោយភាពរីកចម្រើននៃលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្សនៃប្រទេសកម្ពុជា ដែលយើងអាចនិយាយបានថា កម្ពុជាបានក្លាយជាប្រទេសនីតិរដ្ឋមួយ ដែលជាគ្រឹះនៃលទ្ឋិប្រជាធិតេយ្យ ស្ថិរភាព សន្តិភាព និងវិបុលភាព។
នៅក្នុងបរិការណ៍អន្តរជាតិ នៅក្នុងក្របខណ្ឌគោលនយោបាយការបរទេសរបស់ខ្លួន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញផ្សាយចេញនូវសេចក្តីប្រកាសព័ត៌មានរួមដ៏មានអត្ថន័យមួយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈសេចក្តីប្រកាសព័ត៌មានរួមនេះ ប្រទេសទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ៗជាច្រើន ដែលជាប្រយោជន៍ និងចំណាប់អារម្មណ៍រួមរវាងប្រជាជាតិទាំងពីរ ដើម្បីការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងដំណោះស្រាយបញ្ហាដែលមានចំពោះមុខ ព្រមទាំងរក្សាចំណងទំនាក់ទំនងខ្មែរ-ចិន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានបន្ទរឡើង តាមរយៈរដ្ឋមន្ត្រីការបរទេស ក្នុងកិច្ចសម្ភាសមួយ ដែលតាមរយៈនោះ ៖ កម្ពុជា នៅតែបន្តគោលនយោបាយអព្យាក្រឹតជាអចិន្រ្តៃយ៍ ដែលជាគោលការណ៍ធម្មនុញ្ញរបស់កម្ពុជា ហើយវិសាលភាពនៃការអនុវត្តមិនកម្រិតតែលើបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។ កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលជាឯកសារសំខាន់ សម្រាប់ជំរុញការទុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមករវាងប្រទេសសមាជិកអាស៊ាន និងចិនព្រមទាំងលើកទឹកចិត្តដល់ភាគីជាប់ពាក់ព័ន្ឋទាំងអស់ឲ្យអនុវត្ត DOC ទាំងមូលឲ្យបានពេញលេញ និងមានប្រសិទ្ឋភាព។
ជាចុងបញ្ចប់នេះ សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ដែលតែងតែគាំទ្របច្ចុប្បន្នភាពគតិយុត្តកម្ពុជាតាំងពីដើមរហូតមកដល់ពេលនេះ។ សមាគមនឹងខិតខំប្រឹងប្រែងបង្កើនការស្រាវជ្រាវ និងតាមដានស្វែងរកអ្វីដែលថ្មីៗ ចែករំលែកជូនទៅដល់មិត្តអ្នកអាន ដើម្បីបន្ត នូវគោលបំណងក្នុងការចូលរួមចំណែកផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ហើយយើងសង្ឃឹមថាប្រិយមិត្ត មិត្តអ្នកអាន នឹងបន្តគាំទ្រដល់សកម្មភាព ក៏ដូចជាស្នាដៃនានារបស់សមាគម ដែលជាការជំរុញនូវការវិវឌ្ឍឥតឈប់ឈរ និងរីកចម្រើនទៅមុខជានិរន្តរ៍។
៚ទាញយកជា PDF (Full access) ៖ goo.gl/dxFQMO ៚ស្វែងរកព្រឹត្តិបត្រលេខមុនៗ ៖ goo.gl/n0D8dz ៚ ចុះឈ្មោះដើម្បីទទួលបាន Legal Update ៖ goo.gl/GEplmq