វិចារណកថា៖ "ហេតុអ្វីបានជាប្រទេសកម្ពុជាមិនគួរបញ្ជាក់ជំហរគាំទ្រ ឬបដិសេធណាមួយទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង? ទស្សនៈអ្នកច្បាប់អន្តរជាតិ"

វិចារណកថា៖ "ហេតុអ្វីបានជាប្រទេសកម្ពុជាមិនគួរបញ្ជាក់ជំហរគាំទ្រ ឬបដិសេធណាមួយទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង? ទស្សនៈអ្នកច្បាប់អន្តរជាតិ"

ដោយ ផល ពិសាល, 04-10-2016, 07:18 AM , ប្រភេទ : បទវិចារណកថា

បីថ្ងៃមុននឹងការចេញសាលដីកាដោយតុលាការមជ្ឈត្តការពិសេសក្នុងវិវាទសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និង ចិន ប្រទេសកម្ពុជាបានអះអាងជំហររបស់ខ្លួនសារជាថ្មីថា៖ ​“កម្ពុជានឹងមិនចូលរួមបញ្ចេញជំហររួមណាមួយចំពោះ សាលដីកាតុលាការមជ្ឈត្តការអចិន្ត្រៃយ៍​ ដែលនឹងធ្វើការសម្រេចលើវិវាទរវាងប្រទេសហ្វីលីពីន និងចិន” ហើយបាន អំពាវនាវដល់គូភាគីឲ្យ “បន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី”​ (សូមមើល សេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី០៩ ​ខែកក្កដា ឆ្នាំ២០១៦)​ ជាក់ស្ដែង​​ នៅក្នុងកិច្ចប្រជំុរដ្ឋមន្ត្រីការ បរទេសអាស៊ាននៅទីក្រុងវៀងចន្ទន៍​ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ប្រទេសកម្ពុជាបានបដិសេដមិនចូលរួមបញ្ចេញ មតិយោបល់ណាមួយទាក់ទងនឹងសាលដីកាតុលាការមជ្ឈត្តការពិសេសនៅក្នុងជម្លោះរវាងប្រទេសទាំងពីរនោះទេ។

សំណួរចោទសួរថា ​ហេតុអ្វីបានជាប្រទេសកម្ពុជាប្រកែកមិនព្រមធ្វើសេចក្ដីថ្លែងការណ៍រួមណាមួយទាក់ទងនឹងសាលដីកាតុលាការមជ្ឈត្តការពិសេសក្នុងជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និងចិន? ​គេឃើញមានហេតុផល ជាច្រើនដែលអាចពន្យល់អំពីអភិក្រមនេះ​​ ប៉ុន្តែនៅទីនេះយើងសូមលើកយកហេតុផលច្បាប់មួយចំនួនមកធ្វើការបក ស្រាយ។

ទី១៖ ការចូលរួមធ្វើសេចក្ដីថ្លែងការណ៍រួម​​ ពោលគឺការចេញមុខកាន់ជើងប្រទេសភាគីវិវាទណាមួយ​ដោយចំហរ​អាចនឹង ប៉ះពាល់ដល់គោលការណ៍​ “អព្យាក្រឹត្យអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ” ដែលមានចែងក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញនៃ ប្រទេសកម្ពុជា​​ និងគោលការណ៍ “មិនជ្រៀតជ្រែកកិច្ចការជាតិផ្ទៃក្នុង” ​​ក៏ដូចជាគោលការណ៍អធិបតេយ្យដែលមានចែង នៅក្នុងធម្មនុញ្ញអាស៊ាន (មាត្រា២​​ កថាខណ្ឌ២ (a) និង (e)) ព្រមទាំងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា២​ កថាខណ្ឌ១ និង៧)។ ជារឿយៗ​ ប្រទេសនានានៅអាស៊ានតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ​រហូតមក​ ឧទាហរណ៍នៅក្នុងជម្លោះស្តីពីការបកស្រាយសាលដីកាប្រាសាទព្រះវិហារ​រវាងប្រទេសកម្ពុជា​និងថៃ គេពំុដែល ឃើញមានចេញសេចក្ដីថ្លែងការណ៍រួម ឬដោយឡែកណាមួយពីសំណាក់ប្រទេសនានានៃអាស៊ាននោះទេ​។ ជាទូទៅ ប្រទេសទាំងនោះ បានទុកលទ្ធភាពនៃការដោះស្រាយជម្លោះដោយសន្ដិវិធីទៅឲ្យគូភាគីវិវាទជាអ្នកសម្រេច។​​ នៅក្នុង ន័យនេះ​ ប្រទេសកម្ពុជា និងថៃបានខិតខំស្វែងរកកិច្ចដំណោះស្រាយនានា​ទាំងផ្នែកការទូត​ ទាំងផ្នែកយុត្តាធិការ អន្តរជាតិ។​ ជាក់ស្ដែង ​ប្រទេសទាំងពីរបានប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិនៃទីក្រុងឡាអេ រហូតឈាន ទៅដល់ការបិទបញ្ចប់ជម្លោះ​ប្រកបដោយកិច្ចសហប្រតិបត្តិល្អ​នឹងគ្នា។​ ហើយបន្ទាប់ពី ការចេញសេចក្ដីសម្រេចដោយ តុលាការនៅក្នុងករណីរវាងប្រទេសកម្ពុជា និងថៃនេះ គេក៏នៅតែពំុឃើញមានការយកចិត្តទុកដាក់ជាពិសេសណាមួយ ពីសំណាក់ប្រទេសអាស៊ានដទៃទៀតនោះដែរ ដូចនេះ វាមិនមែនជារឿងចម្លែកនោះទេ ដែលប្រទេសកម្ពុជាមិនចូល រួមធ្វើសេចក្ដីថ្លែងការណ៍ណាមួយ ដែលប៉ះពាល់គោលការណ៍ច្បាប់ជាតិ និងអន្តរជាតិនានា ដូចដែលបានរៀបរាប់នៅ ខាងលើ។

ទី២៖ គេគួរគូសបញ្ចាក់ថាវិវាទសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និងចិនមិនទាន់ត្រូវបានបិទបញ្ចប់ទាំងស្រុង នោះទេ​ ពីព្រោះថាតុលាការមជ្ឈត្តការពិសេសនេះមិនមានសមត្ថកិច្ចវិនិច្ឆ័យសោះឡើយលើការកំណត់ព្រំដែនសមុទ្រ ក៏ដូចជាបញ្ហាជម្លោះអធិបតេយ្យដែនកោះដែលជាកម្មវត្ថុចម្បងនៃវិវាទ។ ពោលគឺ​ តុលាការបានទុកភារកិច្ចទាក់ទងនឹង បញ្ហាទាំងនេះទៅឲ្យគូភាគីជាអ្នកដោះស្រាយ។ មិនតែប៉ុណ្ណោះ​ គេត្រូវដឹងថានៅមានភាគីវិវាទដទៃទៀតដូចជាប្រទេស វៀតណាម ម៉ាឡេស៊ិី​ ព្រុយនេ និងកោះតៃវ៉ាន់ ដែលពំុទាន់បានប្រើប្រាស់យន្តការដោះស្រាយវិវាទណាមួយឲ្យបាន ជាក់លាក់។ ដូចនេះ​ សម្រាប់កម្ពុជា ​ការចូលរួមសំដែងមតិណាមួយទាក់ទងនឹងសាលដីកាតុលាការមជ្ឈត្តការ​ពិសេស នេះ នឹងមិនបង្កឲ្យមានភាពធូរស្រាលរវាងភាគីជម្លោះប៉ុណ្ណោះទេ​ តែបែរជាធ្វើឲ្យស្ថានការនៃវិវាទកាន់តែមានសភាព តានតឹង​ ត្បិតអីសេចក្ដីថ្លែងការណ៍រួមនេះអាចបង្កផលប៉ះពាល់អវិជ្ជមាន ឬអាចជាបុរេវិនិច្ឆ័យទៅលើជម្លោះរវាងភាគី ដទៃទៀតនៅក្នុងសមុទ្រចិនខាងត្បូងដែលមិនទាន់ត្រូវបានដោះស្រាយ។ ហើយមែនទែនទៅ​ ប្រទេសកម្ពុជាមិនមែនជា ភាគីវិវាទ ហើយក៏ពំុមែនជាអ្នកដើរតួសម្របសម្រួលដែលស្នើដោយភាគីវិវាទនោះទេ នៅក្នុងកិច្ចប្រជំុកំពូលនៅទីក្រុងវៀងចន្ទន៍។​ ផ្ទុយមកវិញ​ គេមិនត្រូវភ្លេចនោះទេថា ​ប្រទេសកម្ពុជាក្នុងនាមជារដ្ឋម្ចាស់ផ្ទះនៃកិច្ចប្រជំុកំពូលរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងប្រទេសចិននៅឆ្នាំ២០០២ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចពិភាក្សាដ៏តានតឹងនេះ​ រហូតឈានដល់ការអនុម័តលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិនៃភាគីជម្លោះសមុទ្រចិនខាង ត្បូង (Declaration on the Conduct of Parties in the South China Sea) ដែលត្រូវបានអ្នកច្បាប់អន្តរជាតិចាត់ទុកថាជាមូលដ្ឋានគតិយុត្តពហុភាគីដំបូងគេក្នុងគោលបំណងដើម្បីស្វែងរកច្រកចេញនៃវិវាទ។

ទាញយកអត្ថបទជាpdf

ចំណាំ៖ អត្ថបទនេះត្រូវបានសរសេរចប់ និងបានបោះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

លោក ផល ពិសាលជាបេក្ខជនបណ្ឌិតនីតិអន្តជាតិ ឯកទេសនីតិសមុទ្រ និងការកំណត់ព្រំដែនសមុទ្រនៃសាកលវិទ្យាល័យ Jean Moulin Lyon 3 និងធ្លាប់ជាអ្នកស្រាវជ្រាវនៅតុលាការអន្តរជាតិនីតិសមុទ្រ(International Tribunal for the Law of the Sea) នៃទីក្រុង Hamburg។ គាត់ជាម្ចាស់ស្នាដៃ “ឈ្វេងយល់អំពីនីតិវិធីច្បាប់អន្តរជាតិនៃការដោះស្រាយវិវាទសមុទ្រចិនខាងត្បូង៖ ករណីប្រទេសហ្វីលីពីន និង ចិន”, ការផ្សព្វផ្សាយរបស់សមាគមសាលាត្រាជូ, ខែកក្កដា ឆ្នាំ២០១៦។