នៅក្នុងបរិបទដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោតត្រូវបានចាត់ទុកជាកាតាលីករដែលមិនអាចខ្វះបានក្នុង ការស្វែងរកធម្មានុរូបនៃអ្នកតំណាងប្រជាជាតិ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា(គ.ជ.ប) គឺជាស្ថាប័នដែលសម្រួលដល់ប្រតិបត្តិការបោះឆ្នោតទាំងមូល។ ក្រោយកិច្ចចរចារនយោបាយនៅអាណត្តិទី៥កន្លងទៅ គ.ជ.បបានវិវត្តខ្លួនគួរឲ្យភ្ញាក់ផ្អើលពីស្ថាប័នដែលធានាដោយបទដ្ឋានគតិយុត្ត ដែលមានតម្លៃក្រោមរដ្ឋធម្មនុញ្ញ(ច្បាប់) ទៅជាស្ថាប័នដែលទទួលស្គាល់ និងមានតម្លៃរដ្ឋធម្មនុញ្ញ។ ជាក់ស្តែង គ.ជ.ប ត្រូវបានបញ្ញត្តនៅក្នុងជំពូកទី១៥ថ្មី (សូមមើល ព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤) ត្រង់មាត្រា ១៥០ថ្មី និង១៥១ថ្មី។ យើងអាចធ្វើការកត់សម្គាល់ទៅលើចំណុចមួយចំនួននៃស្ថាប័នគ.ជ.បក្នុងឋានៈជាស្ថាប័នធម្មនុញ្ញ។
ជាបឋម ស្ថាប័នធម្មនុញ្ញត្រូវធានាអោយបាននូវភាពយូរអង្វែងនៅក្នុងដំណើរការប្រព្រឹត្តទៅរបស់ខ្លួន ក្រោមហេតុផលថាវាជាសរសរស្តម្ភនៃស្ថិរភាពនយោបាយ និងគតិយុត្តរបស់រដ្ឋ។ ក្រឡេកទៅមើលស្ថាប័ន គ.ជ.បវិញ សំណួរមួយចំនួនត្រូវបានចោទឡើង ដូចជាតើស្ថាប័ន គ.ជ.ប អាចធានាបាននូវភាពឋិតឋេរបស់ខ្លួនបានយូរយ៉ាងណា ប្រសិនបើបញ្ញត្តិរដ្ឋធម្មនុញ្ញនៃមាត្រា ១៥១ថ្មី ហាក់មានភាពរឹតត្បិតទៅលើសមាជិកភាពរបស់ខ្លួន ជាពិសេសត្រង់ចំណុចដែលសមាជិកបួនរូបត្រូវជ្រើសចេញពីគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល។ វាពិតហើយថានៅក្នុងនីតិកាលទីប្រាំនៃរដ្ឋសភានេះ គណបក្សដែលមិនចូលរួមក្នុងការបង្កើតគណៈរដ្ឋមន្ត្រីគឺមានតែមួយ ដូច្នេះការស្វែងរកសមាជិកបួនរូប ពិតជាមិនចោទជាបញ្ហានោះឡើយ។ ផ្ទុយទៅវិញ សម្មតិកម្មមួយអាចនឹងត្រូវបានលើកឡើងថាប្រសិនបើគណបក្សដែលមិនចូលរួមរាជរដ្ឋាភិបាលមានពីរឬលើសពីនេះ តើកូតាបួនកៅអីនៃសមាជិកភាព គ.ជ.បត្រូវដោះស្រាយយ៉ាងណាវិញ? តើរដ្ឋសភាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា ១៥១ថ្មីនេះ ឬក៏ទុកលទ្ធភាពដល់ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកបកស្រាយតាមឆន្ទានុសិទ្ធិរបស់ខ្លួន ?
ជាបច្ចេកទេសនីតិសាស្ត្រ រដ្ឋធម្មនុញ្ញចែងអំពីស្ថាប័ននយោបាយកំពូលដែលធានាដល់និយ័តកម្ម និងយុត្តិធម៌សង្គមពោលគឺរក្សាឲ្យបាននូវតុល្យភាពរវាង អំណាចនីតិបញ្ញត្តិ ប្រតិបត្តិ និងតុលាការ។ លើសពីនេះទៅទៀត ច្បាប់កំពូលនេះ ក៏ត្រូវរក្សាឲ្យបាននូវទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងប្រជារាស្ត្រ។ ការណ៍ដែលរដ្ឋធម្មនុញ្ញទទួលស្គាល់ដំណោះស្រាយនយោបាយរយៈពេលខ្លី និងតាំងជាបញ្ញត្តិដែលមានតម្លៃរដ្ឋធម្មនុញ្ញអាចបណ្តាលអោយច្បាប់កំពូលនេះមិនមានភាពច្បាស់លាស់ និងអាចបាត់បង់ឧត្តមានុភាពរបស់ខ្លួន ជាពិសេសគឺអាចប៉ះពាល់ដល់សន្តិសុខគតិយុត្ត ដែលអាចបង្កើតឲ្យមានភាពប្រទាំងប្រទើសនៃច្បាប់ដែលកំពុងអនុវត្ត និងបញ្ញត្តិនៃរដ្ឋធម្មនុញ្ញដែលទើបបង្កើតថ្មី ។ លើសពីនេះទៀតសោត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាញឹកញយ គឺអាចប៉ះពាល់ដល់ឆន្ទៈនៃអំណាចរដ្ឋធម្មនុញ្ញដើម ហើយនឹងធ្វើអោយរដ្ឋធម្មនុញ្ញអាចត្រូវចាត់ថ្នាក់ជារដ្ឋធម្មនុញ្ញទន់ បើទោះបីជាការធ្វើវិសោធនកម្មនោះឆ្លើយតបទៅនឹងការវិវត្តនៃសង្គម ឬស្ថានភាពនយោបាយក៏ដោយចុះ។
ប្រសិនបើយើងសង្កេតឲ្យបានល្អិតល្អន់ទៅ ការលើកស្ថាប័នគ.ជ.ប ទៅជាស្ថាប័នធម្មនុញ្ញហាក់ដូចជាឆ្លើយតប ទៅនឹងបរិបទនយោបាយ ជាជាងគិតទៅដល់សន្តិសុខគតិយុត្តទៅវិញទេ គឺប្រៀបដូចទៅនឹងការបង្កើតស្ថាប័ន ព្រឹទ្ធសភានៅឆ្នាំ ១៩៩៩ នោះឯង។ ជាដំណោះស្រាយ តើយើងគួរធ្វើយ៉ាងណា ដើម្បីចៀសវាងការប្រើប្រាស់រដ្ឋធម្មនុញ្ញជាឧបករណ៍ក្នុងការដោះស្រាយបញ្ហានយោបាយ? យ៉ាងណាមិញ ស្ថិរភាពនយោបាយ និងសន្តិសុខគតិយុត្តជាគោលការណ៍គ្រឹះពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាននោះទេ ពោលគឺគេត្រូវស្វែងរកតុល្យភាព និងផ្លូវកណ្ដាលមួយឲ្យខានតែបាន។