[ស្នាដៃថ្មី] ព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី ៣ #TrajuBulletin3
ក្រុមការងារ សូមណែនាំមាតិកានៃព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី ៣ ដែលមានទាំងអស់ចំនួន ១០ ចំណងជើង អមជាមួយព័ត៌មានរបស់ស្មេរ និងអ្នកនិពន្ធ។ អត្ថបទទាំងអស់ ត្រូវបានសម្រិតសម្រាំងដោយអ្នកស្រាវជ្រាវ និងស្មេរដែលមានបទពិសោធន៍ទាំងផ្នែកអនុវត្ត និងទ្រឹស្តី ប្រកបដោយបច្ចុប្បន្នភាព និងការវិវត្តថ្មីៗក្នុងវិស័យច្បាប់ និងយុត្តិធម៌។
ព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី ៣ ចែកចេញជា ៤ ផ្នែក ដោយផ្នែកទី១ ស្ដីពី នីតិសាធារណៈ (វិវាទសមុទ្រចិនខាងត្បូង, ច្បាប់អង្គការ WHO និងជំងឺឆ្លងអន្តរជាតិ, បទដ្ឋានគតិយុត្តខ្មែរសម័យបុរាណ); ផ្នែកទី២ ស្ដីពីនីតិឯកជន (សិទ្ធិអោយបំភ្លឺក្នុងនីតិវិធីរដ្ឋប្បវេណី, សន្តតិកម្ម, ទំនួលខុសត្រូវព្រហ្មទណ្ឌ អ្នកម៉ៅការសំណង់, ភតិសន្យាពិសេស) និងផ្នែកទី៣៖ អត្ថបទជ័យលាភី និងបច្ចុប្បន្នភាពគតិយុត្ដ (បទល្មើសជួញដូរមនុស្ស និងច្បាប់វិនិយោគថ្មី)។
សូមបញ្ជាក់ថា សមាគមសាលាត្រាជូ បានសម្រេចបង្កើត និងដាក់ដំណើរការនៃគម្រោងថ្មីស្ដីពី «ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ» ជាលើកដំបូងនៅឆ្នាំ២០២១ ក្នុងទិសដៅបំផុសការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធនានាជាទៀងទាត់ ប្រចាំឆមាសនីមួយៗ ឲ្យមានភាពសំបូរបែប ដែលអាចគ្របដណ្ដប់លើវិស័យរដ្ឋ និងវិស័យឯកជន ទាំងច្បាប់ជាតិ និងអន្ដរជាតិ ក៏ដូចជាមែងធាងនានានៃច្បាប់សាធារណៈ និងច្បាប់ឯកជនផងដែរ។
បន្ទាប់ពីបានដាក់សម្ពោធជាផ្លូវការ នៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣រួចរាល់ហើយ សិស្សនិស្សិត អ្នកប្រកបវិជ្ជាជីវៈ និងសាធារណជនទូទៅទាំងអស់ អាចស្វែងរកអានព្រឹត្ដិបត្រច្បាប់សាលាត្រាជូ នៅតាមបណ្ណាល័យជាតិ បណ្ណាល័យសាកលវិទ្យាល័យ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងនៅទីស្នាក់ការសមាគមសាលាត្រាជូ ព្រមទាំងអាចស្វែងរកជាវបាននៅតាមបណ្ណាគារ និងតូបសៀវភៅនានា (ក្រោយសាលាស៊ីសុវត្ថិ) ផងដែរ៕